រដ្ឋមន្រ្តីទេសចរណ៍ស្នើឲ្យរដ្ឋបាលរាធានី ខេត្តនីមួយៗ បង្កើត អត្តសញ្ញាណពិសេសផ្ទាល់របស់រាជធានី ខេត្តនីមួយៗ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានស្នើឱ្យរដ្ឋបាលរាធានី ខេត្តនីមួយៗ បង្កើត អត្តសញ្ញាណពិសេសផ្ទាល់របស់រាជធានី ខេត្តនីមួយៗ (Branding) ឱ្យមានភាពទោល លេចធ្លោ និងពិសេសរបស់ រាជធានីខេត្តនីមួយៗ។

លោកពន្យល់ថា នេះជាតម្លៃបន្ថែមខ្ពស់ ក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកាន់ខេត្តរបស់ខ្លួន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ រៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍” ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ“ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ក្រោមអធិបតីភាពលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកវ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បទពិសោធអំពីចំណុចខ្លាំង ចំណុចខ្វះខាត កាលានុវត្តភាពក្នុងការវិនិយោគ បញ្ហាប្រឈម ទស្សនវិស័យ និងការកំណត់គោ​ល​ដៅអភិវឌ្ឍក្នុងវិស័យទេសចរណ៍ សំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តក្រចេះ និងខេត្តក្បែរខាងឱ្យកាន់តែច្រើនថែមទៀត។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីគ្រប់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ រួមមាន៖ ក្រសួងស្ថាប័នអន្តរវិស័យ តំណាងរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រតិបត្តិករ សេវាករទេសចរណ៍ ម្ចាស់អាជីវកម្មសមាគមទេសចរណ៍ សមាគមយុវជន សិស្ស និស្សិត អ្នកផលិតមាតិកា Influencers និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបប្រមាណជាង៥០០នាក់។

ថ្លែងក្នុងពិធីនេះ លោកហួត ហាក់បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍នៅតែបន្តរក្សាភាពធន់ និងជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។

លោកបានរំលេចបន្ថែមថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុប៥,៥៧លាននាក់ ជាមួយទេសចរជាតិប្រមាណ២៥,១៦លាននាក់ កើនឡើង១១,៧% និងចំណូលទេសចរអន្តរជាតិ៣,៨៧៨ លានដុល្លារអាម៉េរិក កើនឡើង៦,៦%។

ក្នុងន័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោ​យចីរភាព ភាពធន់ និងបរិយាបន្ន ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមទិសស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលបានដាក់ចេញដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលបានដាក់ចេញដោយមហាគ្រួសារវិស័យទេសចរណ៍។

លោករដ្ឋមន្រ្តីបានបន្តថា សិក្ខាសាលានាព្រឹកដ៏សែនមនោរម្យនេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់ភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ពោលគឺផ្តោតសំខាន់លើការបង្កើនគុណភាពសេវាកម្មទេសចរណ៍ ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ ព្រមទាំងការគ្រប់គ្រងគោលដៅទេសចរណ៍ ឱ្យមានប្រសិទ្ធភាព និងចីរភាពនៅខេត្តក្រចេះ។

នៅក្នុងដំណើរការប្រព្រឹត្តទៅ នៃសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍” ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំវេទិកាពិភាក្សា លើប្រធានបទចំនួន២ ក្នុងនោះវេទិកាពិភា​ក្សាប្រធានបទទី១ស្តីពី”ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពតាមដងទន្លេ៖ ការភ្ជាប់ធនធានធម្មជាតិ វប្បធម៌ និងសហគមន៍” និងវេទិកាពិភាក្សាប្រធានបទទី២ ស្តីពី“ការអភិវឌ្ឍខ្សែទស្សនកិច្ចទេសច​រណ៍ភូមិភាគឦសាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here