ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ និងគ្របដណ្តប់លើផ្ទៃដីទំហំជាង៧លានហិកតា នៅទូទាំងប្រទេស។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងសិក្ខាសាលាស្តីពី “វិធានការអភិរក្សផ្សេងៗទៀត តាមទីតាំងជាក់លាក់ប្រកបដោយប្រសិទ្ធភាព” ដែលហៅជាភាសាអង់គ្លេសថា Other Effective Area-Based Conservation Measures ឬហៅកាត់ថា OECMs ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
គោលបំណងសិក្ខាសាលានេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ បទពិសោធន៍ និងស្វែងយល់ពីទិដ្ឋភាពទូទៅOECMs ក៏ដូចជាស្វែងយល់អំពីបញ្ហាប្រឈម និងឱកាសពាក់ព័ន្ធនឹងការអនុវត្ត OECMs និងធ្វើការប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាព ក្នុងការរៀបចំលក្ខណៈវិនិច្ឆ័យOECMs និងពង្រាងគោលការណ៍ណែនាំ សម្រាប់អនុវត្តនៅប្រទេសកម្ពុជា។
កម្ពុជាយើងត្រូវបានស្គាល់ថាជា ប្រទេសមួយដែលមានជីវៈចម្រុះ ជាមួយនឹងព្រៃឈើ ទន្លេ និងប្រព័ន្ធអេកូឡូស៊ីសម្បូរបែប និងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការប្រែប្រួលនៃការប្រើប្រាស់ដី។
បច្ចុប្បន្នប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីជាង៧.០៤លានហិកតា ត្រូវជា៤១%នៃផ្ទៃដីប្រទេស ដែលវាគឺជាអត្រាខ្ពស់បំផុត បើប្រៀបធៀផ្ទៃដីតំបន់ការពារធម្មជាតិនៅប្រទេសផ្សេងទៀត នៅលើពិភពលោក និងបានឆ្លើយតបនឹងគោលដៅ៣០គុណនឹង៣០ នៃក្របខ័ណ្ឌជីវៈចម្រុះសកល Kunming–Montreal (KM-GBF) ដែលរាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋភាគីមួយ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ។

ការងារអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ គឺទាមទារឱ្យមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវិធានការអភិរក្សផ្សេងៗទៀត តាមទីតាំងជាក់លាក់ប្រកបដោយប្រសិទ្ធភាពOECMs ជាយន្តការសំខាន់មួយ បង្កើនប្រសិទ្ធភាពនៃបណ្តាញតំបន់អភិរក្សជីវៈចម្រុះ ដែលនៅក្រៅតំបន់ការពារធម្មជាតិ តែមានសារៈសំខាន់ និងបានចូលរួមក្នុងការអភិរក្សជីវចម្រុះ និងរួមចំណែកក្នុងការសម្រេចបានគោលដៅ៣០ គុណ៣០។
សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយអង្គការ WWF-កម្ពុជា សហការជាមួយអង្គការWEA អង្គការFFI ដោយមានជំនួយបច្ចេកទេសជាក្រុមប្រឹក្សាឯករាជ្យពីវិទ្យាស្ថានDICE នៃសាកលវិទ្យាល័យ Kent ចក្រភពអង់គ្លេស និងមានការចូលរួមពីលោកប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោកស៊ុយ សេរីវឌ្ឍ អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល លោកស្រី Laura Kor តំណាងសកលវិទ្យាល័យKENT ចក្រភពអង់គ្លេស លោកនាយកអង្គការ WWF WEA និង FFI និងមន្រ្តីពាក់ព័ន្ធ៕









