កំណើនតម្លៃជួលអាផាតមុិនជាមធ្យមនៅសហរដ្ឋអាមេរិកចាប់ផ្តើមធ្លាក់ចុះ ស្របពេលការផ្គត់ផ្គង់កើនឡើង

0

ដោយ: សហសេវិក
អន្តរជាតិ: ជាធម្មតា តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកកើនឡើងនៅនិទាឃរដូវ (spring) ព្រោះមនុស្សកាន់តែច្រើនស្វែងរកផ្ទះបន្ទាប់ពីរដូវរងា។ ប៉ុន្តែ នៅឆ្នាំ២០២៦នេះ ការកើនឡើងមានកម្រិតទាបជាងធម្មតា។

នៅក្នុងខែមីនា ឆ្នាំ២០២៦ តម្លៃជួលអាផាតមុិនជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើង ០,៤% ធៀបនឹងខែកុម្ភៈ ដល់១.៣៦៣ដុល្លារ។ កាលពីឆ្នាំមុន តម្លៃជួលបានកើនឡើង០,៦ភាគរយ ក្នុងអំឡុងពេលដូចគ្នា។

បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃជួលអាផាតមុិននៅខែមីនាបានធ្លាក់ចុះជាង១,៧ភាគរយ។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៧។ជាមួយគ្នានេះ បើធៀបនឹងកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២ តម្លៃជួលអាផាតមុិនបានធ្លាក់ចុះជាង៥,៥ភាគរយ។

យោងតាមលោក Chris Salviati សេដ្ឋវិទូមកពីក្រុមហ៊ុន Apartment List បានឱ្យដឹងថា បញ្ហាជាច្រើនកំពុងប៉ះពាល់ដល់ទីផ្សារលំនៅឋាន។ យោងតាមទិន្នន័យថ្មីពីការិយាល័យស្ថិតិការងារបង្ហាញថា ក្រុមហ៊ុនអាមេរិកកំពុងកាត់បន្ថយបុគ្គលិក ហើយសង្គ្រាមនៅអ៊ីរ៉ង់កំពុងជំរុញឱ្យអត្រាអតិផរណាកម្រើកឡើងវិញ។

ដោយសារបញ្ហាប្រឈមទាំងនេះ ប្រជាជនអាមេរិកជាច្រើនមានភាពមិនប្រាកដប្រជាអំពីហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះ ពួកគេមិនសូវមានឆន្ទៈក្នុងការជួលផ្ទះថ្មីទេ។

កាលពីឆ្នាំមុន តម្លៃជួលអាផាតមុិនហាក់ចាប់ផ្តើមងើបឡើងវិញជាលើកដំបូង ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣។ ទោះជាយ៉ាងណា ការងើបឡើងវិញនោះបានជាប់គាំង ដោយសារសុខភាពទីផ្សារការងារកាន់តែចុះខ្សោយ។

នៅក្នុងខែមីនា ឆ្នាំ២០២៦ អត្រា​អាផាតមុិនទំនេរ (Vacancy Rate) ស្ថិតក្នុងរង្វង់៧,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧។

ស្របពេលជាមួយគ្នានេះ អាផាតមិនថ្មីមួយចំនួនធំត្រូវបានសាងសង់ក្នុងរយៈពេល៣ឆ្នាំកន្លងមក។ ការសាងសង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា នៅឆ្នាំ២០២៤ អាផាតមុិនថ្មីចំនួនជាង៦០០.០០០យូនីតត្រូវបានបញ្ចប់ការសាងសង់។ តួលេខនេះជាចំនួនអាផាតមិនថ្មីច្រើនបំផុតដែលត្រូវបានសាងសង់ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ១៩៨៦៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here