ដោយៈ ចំណាន
សៀមរាបៈ ដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិMJP ដែលបានបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា សកម្មភាពការងារគាំទ្រសហគមន៍ សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។
ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ សិល្បៈភាពយន្ត អប់រំ សុខាភិបាល ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និងTomb Raider ជាដើម៕







