ភ្ញៀវទេសចរណ៍កំពុងទស្សនាប្រាសាទបាយ័យ។ រូបថត៖ ម៉ៃ វីរៈ
ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិរាប់ពាន់ក្រុមហ៊ុន កាន់តែស្គាល់កម្ពុជាយ៉ាងទូលំទូលាយពីវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី នៅចិន។ នេះបើយោងតាមក្រសួងទេសចរណ៍កម្ពុជាផ្សព្វផ្សាយកាលពឹ្រកមិញនេះ។
ភ្ញៀវទេសចរណ៍កំពុងជិះឡូរីនៅខេត្តបាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកលក់ក្នុងស្រុក (Domestic Buyers) ចំនួនជាង ១០០០ក្រុមហ៊ុន និងអ្នកលក់អន្តរជាតិ (International Buyers) ប្រមាណ២០០ក្រុមហ៊ុន មកពីជាង៣០ប្រទេស និងអ្នកទិញចំនួនប្រមាណ ៥៧៥ក្រុមហ៊ុន និងមានភ្ញៀវចូលរួមទស្សនារាប់សិបម៉ឺននាក់ផ្សេងទៀត។
-->
តាមរយៈការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយស ក្នុងពិធីបើកពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី (ASIAN Culture and Tourism Exhibition) ពីសំណាក់ប្រទេសចិន កាន់តែធ្វើឱ្យក្រុមហ៊ុនទិញ-លក់កញ្ចប់ទស្សនកិច្ចទេសចរណ៍អន្តរជាតិរាប់ពាន់ក្រុមហ៊ុន ស្គាល់កម្ពុជាកាន់តែទូលំទូលាយ ពិសេសលើវិស័យទេសចរណ៍ និងវប្បធម៌។
លោក ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការចូលរួមក្នុងពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី នាពេលនេះ គឺដើម្បីអបអរសាទរការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ស្របតាមផែនការសកម្មភាព ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិន (Action Plan on Building China-Cambodia Community of Shared Future)។
លោ រដ្ឋមន្ត្រី ថោង ខុន ថា ប្រទេសចិន គឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំ សំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោក។
លោកបានលើកឡើងថា ដោយភាពសំបូរបែបនែសក្តានុពលវប្បធម៌ទាំងរូបបិយនិងអរូបិយ នៃប្រទេសចិន និងភាពរីកចំរើនខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនចិន។
ពិធីបើកពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ីនៅប្រទេសចិននេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌អាស៊ី ឬ Asia Culture and Civilization Exchanges» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែឧសភា។
ទិដ្ឋភាពសាលាខេត្តបាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ
ពិធីបើកពិព័រណ៌ជាផ្លូវការ ត្រូវបានប្រារព្ធឡើងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក ឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំវិស័យទេសចរណ៍ និងវប្បធម៌នានាក្នុងតំបន់អាស៊ី៕