ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំផ្នែកឯកជននៃវិស័យទេសចរណ៍ បានត្រៀមស្វាគមន៍ការចូលមកដល់ នៃរដូវកាលបៃតងដ៏ស្រស់បំព្រង ដែលចាប់ផ្តើមពីខែឧសភា ដល់ខែតុលា។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ដឹកនាំដោយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសកម្មភាពគន្លឹះយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យអំពីលទ្ធផល នៃការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៥ ព្រមទាំងពិនិត្យ និងផ្តល់យោបល់ លើផែនការសកម្មភាពគន្លឹះយុទ្ធនា ការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦។
កិច្ចប្រជុំដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ” ប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី ខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង កាលពីឆ្នាំ ២០២៥ ចាប់ពីខែឧសភា ដល់ខែតុលា។
លោកបន្ថែមថា ដោយពិនិត្យឃើញអំពីសារៈសំខាន់ និងលទ្ធផលប្រកបដោយផ្លែផ្កា កាលពីឆ្នាំ២០២៥ ទើបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ បន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង នៅឆ្នាំ២០២៦។
អង្គប្រជុំរំពឹងថា តាមរយៈផែនការសកម្មភាពគន្លឹះ ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៦ នឹងទាក់ទាញភ្ញៀវទេសចរជាតិ ដែលជាចលនាទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ បានកាន់តែច្រើននៅក្នុងអំឡុងពេលរដូវកាលបៃតង៕









