Central Parkអតីតព្រលានយន្តហោះពោធិ៍ចិនតុងនឹងបើកឲ្យសាធារណជនចូលទស្សនារយៈពេល៩ថ្ងៃក្នុងឱកាសចូលឆ្នាំថ្មី

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ Central Park អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹង​ត្រូវ​បើក​ជាសួនសាធារណៈ​សាកល្បង​រយៈ​ពេល៩ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​មិន​គិត​ថ្លៃ។ នេះ​បើតាម​ការ​ប្រកាស​របស់​អន្តរ​ក្រសួង ​ដែល​គ្រប់គ្រង​លើ​អតីត​អាកាសយាន្ដដ្ឋាន​របស់​កម្ពុជា។

យោង​តាម​សេចក្ដីជូនដំណឹង​ថ្ងៃទី៦ ខែមេសាបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) បាន​បញ្ជាក់​ថា អនាគត​សួនកម្សាន្ត​សាធារណៈ​នេះ​ នឹងបើកដំណើរការសាកល្បង ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ដើម្បី​អបអរ​សាទរ​ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ផង និងដើម្បី​ឱ្យសាធារណជន​បាន​ឃើញច្បាស់ ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

ការ​ដាក់​សាក​ល្បង​នេះ​ នឹង​មាន​រយៈ​ពេល៩ ថ្ងៃ​ចាប់​ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៩ ខែមេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

ក្រុម​ការងារ​ដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទស​វត្សរ៍ឆ្នាំ១៩៥០។ តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP) ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល​ទាំង​នេះ គឺ​ទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

នៅទីតាំង​មួយចំនួន​ ក៏​មាន​ការ​តុបតែងលម្អ​ និងការដាក់បដាផ្សេងៗ ដែលមានរូបភាពជាល្បែងប្រពៃណីជាតិ ​ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ក្រុមការងារ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងចោល​សំរាម​ក្នុង​ធុង​ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ព្រម​ទាំង​​អនុវត្តតាមស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់ បរិវេណដែលហាមឃាត់។

សេចក្ដីជូនដំណឹង​បញ្ជាក់​ថា ហាមដាច់ខាតមិនឱ្យមានការលក់ដូរ មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមានការយកចូល និងប្រើប្រាស់កាំជ្រួចនិងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ១០០០រៀល សម្រាប់ម៉ូតូមួយគ្រឿង ឡាន​មួយ​គ្រឿង​ត្រូវបង់កម្រៃ២​០០០រៀល។ ចំណែក​ផ្ញើកង់មិនមានការយកកម្រៃទេ។

ក្រុមការងារ​ថ្លែង​ថា ក.ស.អ.​សូមអំពាវនាវដល់បងប្អូនប្រជាពល​រដ្ឋទាំងអស់ សូមអញ្ជើញមកចូលរួមទស្សនា កម្សាន្ត ហាត់ប្រា​ណ និងលេងកីឡា នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ឱ្យបានច្រើនកុះករ ក្នុង ស្មារតីសាមគ្គីភាព ឯកភាព និងភាតរភាព។

អាកាសយានដ្ឋាន​ដំបូង​របស់​កម្ពុជា ​ដែល​កសាង​តាំង​ពី​សម័យសង្គម​រាស្ត្រនិយម បាន​បិទ​ដំណើរ​ការផ្លូវការ​កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​សេវា​ទាំង​អស់​ត្រូវ​ប្ដូរ​ ទៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោ។ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ទីតាំង​ប្រវត្តិសាស្ត្រនេះ​នឹង​មិន​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជនទេ គឺទុក​ជា​សម្បត្តិ​របស់​រដ្ឋ ដោយបង្កើតជា​សួន​សាធារណៈ៕


ចែករំលែក