ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី ហក់ឡើង១០ភាគរយក្នុងត្រីមាសទី១

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: សកម្មភាពវិនិយោគលើទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរីសម្រេចបានកំណើនយ៉ាងរឹងមាំនៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ។ យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា សិង្ហបុរីបានស្រូបទាញការវិនិយោគលើអចលនទ្រព្យចំនួន១៥,៤ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦។

តួលេខខាងលើបង្ហាញពីការកើនឡើង១០ភាគរយបើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៥ និងហក់ឡើង១៦៦,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សកម្មភាពវិនិយោគត្រូវបានគាំទ្រដោយបរិយាកាសអត្រាការប្រាក់ទាប និងការធ្វើពិពិធកម្មផលប័ត្រយ៉ាងសកម្មដោយបណ្តាវិនិយោគិន។ ក្រុមហ៊ុន Knight Frank បានបញ្ជាក់ថា កត្តាទាំងនេះបានរួមចំណែកចាក់បញ្ចូលសន្ទុះដល់ទីផ្សារអចលនទ្រព្យសិង្ហបុរីនៅក្នុងឆ្នាំនេះ។

កិច្ចព្រមព្រៀងវិនិយោគលើអចលនទ្រព្យផ្នែកពាណិជ្ជកម្ម បានរួមចំណែកធំបំផុតដល់ការវិនិយោគសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដែលមានទំហំទឹកប្រាក់សរុបចំនួន៦,៣ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងវិនិយោគលើទីផ្សារលំនៅឋានឈរនៅលេខរៀងទីពីរ ដោយមានទំហំទឹកប្រាក់វិនិយោគចំនួន៤,៤ពាន់លានដុល្លារ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

យោងតាម ​​Knight Frank បានឱ្យដឹងទៀតថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានបង្កើតភាពមិនប្រាកដប្រជាថ្មីមួយ។ ការណ៍នេះអាចបណ្តាលឱ្យវិនិយោគិនមួយចំនួនរង់ចាំ មុនពេលធ្វើការសម្រេចចិត្តរហូតដល់ស្ថានភាពកាន់តែមានភាពច្បាស់លាស់៕ប្រភព: Edgeprop៕


ចែករំលែក