ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៦នេះ ដែលអាចជាចំណុចរបត់មួយ ស្របពេលមានការកើនឡើងនៃតម្លៃអចលនទ្រព្យ និងសកម្មភាពទិញលក់កាន់តែច្រើន។
យោងតាមក្រុមហ៊ុន Morgan Stanley Investment Management បានឱ្យដឹងថា លក្ខខណ្ឌសេដ្ឋកិច្ចកាន់តែប្រសើរ ថ្លៃដើមខ្ចីប្រាក់មានកម្រិតទាប និងការសាងសង់ថ្មីមានកម្រិត កំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យសកល។
ទោះជាយ៉ាងណា ឱកាសនឹងមានភាពខុសគ្នាទៅតាមតំបន់ និងប្រភេទអចលនទ្រព្យ ដូច្នេះវិនិយោគិនត្រូវតែជ្រើសរើសប្រកបដោយការប្រុងប្រយ័ត្នច្រើនជាងមុន។ ទស្សនវិស័យនៅសហរដ្ឋអាមេរិកមានភាពរឹងមាំ ដោយសារកំណើនសេដ្ឋកិច្ច។
ទស្សនវិស័យនៅប្រទេសជប៉ុនក៏បង្ហាញសញ្ញាវិជ្ជមានផងដែរ ដោយសារការអនុវត្តកំណែទម្រង់សេដ្ឋកិច្ច និងនៅអឺរ៉ុប ដោយសារការចំណាយរបស់រដ្ឋាភិបាល និងវិធានការគាំទ្រសេដ្ឋកិច្ច។

ការសាងសង់អចលនទ្រព្យថ្មីបានថយចុះ ដោយសារថ្លៃដើមនៃការសាងសង់កើនឡើងខ្ពស់។ ប្រការនេះអាចកាត់បន្ថយការផ្គត់ផ្គង់នាពេលអនាគត និងជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើង។
ទោះបីជាមានស្ថានភាពប្រសើរឡើងយ៉ាងណាក្តី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះសកលនៅតែបង្កើតភាពមិនប្រាកដប្រជានៅក្នុងទីផ្សារ។ ដូច្នេះ វិនិយោគិនត្រូវផ្តោតលើការគ្រប់គ្រងអចលនទ្រព្យដោយប្រុងប្រយ័ត្ន និងបង្កើនប្រាក់ចំណូលពីការជួល ដែលជាកត្តាសំខាន់ក្នុងការវិនិយោគអចលនទ្រព្យរយៈពេលវែង។
ឱកាសកំពុងលេចចេញនៅក្នុងផ្នែកអចលនទ្រព្យឧស្សាហកម្ម និងលំនៅឋាន។ តម្រូវការអចលនទ្រព្យឧស្សាហកម្មកំពុងកើនឡើង ដោយសារការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន។
ចំណែក តម្រូវការជួលលំនៅឋាននៅតែមានភាពរឹងមាំ ខណៈលទ្ធភាពទិញលំនៅឋាននៅមានកំណត់ ហើយការផ្គត់ផ្គង់ក៏នៅមានកម្រិតផងដែរ៕ប្រភព: Morgan Stanley ៕







