គម្រោងអគារកប់ពពក Goldin Finance 117 កម្ពស់៥៩៦ម៉ែត្រ នៅប្រទេសចិនឈានជិតដល់ការបញ្ចប់ការសាងសង់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា គម្រោងអគារខ្ពស់កប់ពពក Goldin Finance 117 កម្ពស់៥៩៦ម៉ែត្រ ដែលត្រូវបានពន្យារពេលជាយូរមកហើយនៅក្នុងប្រទេសចិន ឈានជិតដល់ការបញ្ចប់ការសាងសង់ហើយ បន្ទាប់ពីចំណាយពេលសាងសង់១៨ឆ្នាំ។

អគារ Goldin Finance 117 មានទីតាំងនៅទីក្រុង Tianjin ដោយបានជាប់ឈ្មោះជាអគារគ្មានមនុស្សរស់នៅខ្ពស់បំផុតរបស់ពិភពលោក(world’s tallest unoccupied building)។នេះបើយោងតាមកំណត់ត្រាពិភពលោក Guinness។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានរាយការណ៍ថា កម្មករបានចាប់ផ្តើមដំឡើងមកុដរាងដូចពេជ្រ(diamond-shaped crown) ទម្ងន់៧,៦តោននៅលើកំពូលអគារកាលពីចុងខែមីនា។

គិតមកទល់បច្ចុប្បន្ន មានបណ្តាក្រុមហ៊ុនចំនួន ១៧ បានកក់ការជួលការិយាល័យនៅក្នុងអគារ Goldin Finance 117 ដែលក្នុងនោះ រួមមានក្រុមហ៊ុនរដ្ឋចំនួន ៧ និងក្រុមហ៊ុនឯកជនចំនួន ១០។

ការសាងសង់អគារខ្ពស់កប់ពពកកម្ពស់១២៨ជាន់នេះបានចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨។ អគារ Goldin Finance 117 ត្រូវបានរចនាឡើងជា “ស្នាដៃវិស្វកម្មដ៏អស្ចារ្យមួយ” ដែលមានសសរធំៗ និងសសរទ្រ ដើម្បីទប់ទល់នឹងខ្យល់បក់ខ្លាំង និងសកម្មភាពរញ្ជួយដី។

ទោះជាយ៉ាងណា ការសាងសង់អគារនេះត្រូវបានផ្អាកនៅខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីម្ចាស់អគារ គឺក្រុមហ៊ុនអភិវឌ្ឍន៍ Goldin Properties ដែលមានមូលដ្ឋាននៅហុងកុង បានជួបប្រទះបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីការដាំក្បាលចុះនៃទីផ្សារភាគហ៊ុនរបស់ចិនក្នុងខែមិថុនា ឆ្នាំ២០១៥។

ការសាងសង់បានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅខែសីហា ឆ្នាំ២០២៨។ អគារខ្ពស់កប់ពពកនេះកំពុងខិតជិតដល់ដំណាក់កាលថ្មីមួយនៅខែមេសានេះ ដែលនឹងឈានដល់ជាន់ទី១០០៕ប្រភព: Newsweek៕


ចែករំលែក