វិបត្តិខ្វះខាត​លំនៅឋាន​នៅក្នុងប្រទេសអូស្ត្រាលី​រំពឹង​កាន់តែ​មានភាពធ្ងន់ធ្ងរ ខណៈតម្លៃសម្ភារៈសំណង់កើនឡើង

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: កំណើននៃថ្លៃដើមសំណង់ បណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យវិបត្តិលំនៅឋាននៅប្រទេសអូស្ត្រាលីកាន់តែធ្ងន់ធ្ងរ និងគំរាមដល់សមត្ថភាពរបស់ប្រទេសនេះក្នុងការសម្រេចគោលដៅបង្កើនការសាងសង់លំនៅឋានប្រកបដោយមហិច្ឆតារបស់ខ្លួន។

ការកើនឡើងនៃតម្លៃប្រេង ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបណ្តាលឱ្យមានការកើនឡើង៤០ភាគរយនៃតម្លៃសម្ភារៈមួយចំនួននៅក្នុងវិស័យសំណង់។

លោក Simon Croft នាយកប្រតិបត្តិផ្នែកឧស្សាហកម្ម និងគោលនយោបាយនៅសមាគមឧស្សាហកម្មលំនៅឋានអូស្ត្រាលី បានមានប្រសាសន៍ថា បណ្តាក្រុមហ៊ុនសំណង់ ដែលជាធម្មតាចុះកិច្ចសន្យាតម្លៃថេរ កំពុងរងផលប៉ះពាល់ ដោយសារការកើនឡើងនៃតម្លៃសម្ភារៈសំណង់ ដូចជា បេតុង និងដែកថែប។

តម្លៃផ្ទះ និងថ្លៃជួលលំនៅឋាននៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញដោយកង្វះខាតការផ្គត់ផ្គង់លំនៅឋាន និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស។

បញ្ហា​ទាំងនេះ​បានវិវត្តកាន់តែ​ធ្ងន់ធ្ងរ​ឡើង​ក្រោយ​ជំងឺ​កូវីដ-១៩ ដោយសារ​ការកើនឡើង​នៃ​ថ្លៃដើម​សំណង់ កង្វះខាត​កម្លាំង​ពលកម្ម និង​ការក្ស័យធន​របស់​ក្រុមហ៊ុន​សំណង់។ ការកើនឡើង​ថ្លៃដើម​សំណង់ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា ក្នុងពេលនេះ​ត្រូវបានគេរំពឹងថា នឹងបន្ថែមសម្ពាធដល់ទីផ្សារ។

រដ្ឋាភិបាលអូស្ត្រាលីបានកំណត់គោលដៅសាងសង់ផ្ទះឱ្យបានចំនួន១,២លានខ្នងក្នុងរយៈពេលប្រាំឆ្នាំ គិតត្រឹមខែកក្កដា ឆ្នាំ២០២៩៕ប្រភព: Bloomberg៕


ចែករំលែក