ដំណើរជីវិត និងបញ្ហាវិបត្តិកើតឡើងដោយសារកត្តាអ្វីខ្លះ?

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ការសិក្សាបានរកឃើញថា វិបត្តិជីវិតភាគច្រើន កើតចេញពីការសម្រេចចិត្តខុសតូចៗ ឬការទម្លាប់ខ្លួនរស់នៅក្នុងកំហុសម្ដងបន្តិចៗ រហូតដល់ថ្ងៃមួយវាក្លាយជាបញ្ហាធំ ដែលយករួចខ្លួនមិនរួច។

ដូចនេះ ការស្គាល់អន្ទាក់ទាំងនោះទុកជាមុន គឺជាវិធីការពារខ្លួនដ៏ល្អបំផុត។

ខាងក្រោមនេះគឺជាអន្ទាក់គ្រោះថ្នាក់ទាំង៥ ដែលតែងតែទាញយើងឱ្យធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ។

១. អន្ទាក់នៃការរស់នៅហួសលទ្ធភាព

នេះគឺជាវិបត្តិហិរញ្ញវត្ថុ ដែលកើតចេញពីការចង់បានមុខមាត់សង្គម។ ការខ្ចីលុយគេមកទិញរបស់មិនចាំបាច់ ដើម្បីបង្អួតអ្នកដទៃ គឺជាការជីករណ្ដៅកប់ខ្លួនឯង។ នៅពេលអ្នកជួបបញ្ហាចំណូល នោះវិបត្តិបំណុលនឹងផ្ទុះឡើងភ្លាមៗ។

២. អន្ទាក់នៃតំបន់សុខស្រួល

ពិភពលោកដើរលឿនណាស់ បើអ្នកនៅទ្រឹងមួយកន្លែង ហើយមិនហ៊ានសាកល្បងអ្វីថ្មី ជំនាញ ឬការងាររបស់អ្នកនឹងហួសសម័យ។ ការមិនព្រមអភិវឌ្ឍខ្លួន នឹងធ្វើឱ្យអ្នកបាត់បង់ឱកាស និងដើរមិនទាន់គេឡើយ។

៣. អន្ទាក់នៃការផ្គាប់ចិត្តអ្នកដទៃ

នៅពេលអ្នកចំណាយពេលខ្វល់ខ្វាយ តែពីអារម្មណ៍អ្នកដទៃ អ្នកនឹងគ្មានពេលសម្រាប់កសាងក្ដីសុបិនខ្លួនឯងឡើយ ហើយចុងក្រោយអ្នកនឹងហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។

៤. អន្ទាក់នៃការពឹងផ្អែកតែមួយប្រភព

ការពឹងផ្អែកលើប្រាក់ខែតែមួយ ឬផ្ញើសេចក្ដីសុខលើមនុស្សតែម្នាក់ គឺជាហានិភ័យខ្ពស់បំផុត។ បើការងារត្រូវបាត់បង់ ឬមនុស្សនោះដើរចេញពីអ្នក ជីវិតរបស់អ្នកនឹងដួលរលំភ្លាមៗ ព្រោះអ្នកគ្មានផែនការបម្រុង ឬបង្អែកផ្សេងសម្រាប់ទប់ទល់ឡើយ។

៥. អន្ទាក់នៃការលះបង់សុខភាពដូរយកលុយ

ការគិតតែរកលុយ ដោយបង្អត់ការងងុយ មិនហាត់ប្រាណ និងញ៉ាំអាហារមិនល្អ គឺជាការគិតខុស។ នៅទីបំផុត អ្នកនឹងត្រូវយកលុយដែលខំរកបានទាំងអស់ ទៅបង់ថ្លៃមន្ទីរពេទ្យវិញ។ វិបត្តិសុខភាព គឺជាចំណុចបញ្ចប់ ដែលបំផ្លាញរាល់ជោគជ័យ និងទ្រព្យសម្បត្តិដែលអ្នកធ្លាប់សាងមក៕


ចែករំលែក