ដំណឹងល្អ!ស្ពានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា ចក្រអង្រែក្រោមសម្រេចសាងសង់បានជិត៧០ភាគរយហើយ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីបានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៦៨%ហើយ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨% ដែលលឿនជាងផែនការ៦%។

វឌ្ឍនភាពគម្រោងសម្រេចបានរួមមាន៖ ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨% ធ្នឹមT ចាក់១៨០ដើម សម្រេចបាន ១៣២ ដើម ធ្នឹមT ចាក់នៅកន្លែង១៨០ដើម សម្រេចបាន១៥៦ដើម បណ្តាញផ្លូវសម្រេចបាន៤៤.៤% តភ្ជាប់ សម្រេចបាន៥០% ផ្លូវបង្វែរទិស(Ram) សម្រេចបាន៤២%។ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៧ខាងមុខ៕

នៅពេលសាងសង់រួច គម្រោងនេះនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕


ចែករំលែក