តម្រូវការខុនដូនៅក្នុងតំបន់​កណ្តាលក្រុងសិង្ហបុរី បន្ត​កើន​ឡើង​ ទោះ​ម៉ាក្រូ​សេដ្ឋកិច្ច​សាកល​មាន​ភាព​មិន​ច្បាស់​លាស់​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការលក់ខុនដូ​ប្រណីត​នៅ​តំបន់​កណ្តាលក្រុងសិង្ហបុរី (CCR) បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ត្រីមាស​ទី​១ ឆ្នាំ២០២៦ ដោយ​មាន​លក់​បានចំនួន៧៥យូនីត កើនឡើង​ពី៥៤យូនីត​ក្នុង​ត្រីមាសទី៤ ឆ្នាំមុន។

ខុនដូទាំងនេះត្រូវបានលក់ចេញក្នុងតម្លៃយ៉ាងហោចណាស់៥លានដុល្លារសិង្ហបុរីក្នុងមួយយូនីត និងលើសពី៣.០០០ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ (psf)។នេះបើយោងតាមការចុះផ្សាយដោយកាសែត The Business Times។

កំណើននៃការលក់ខុនដូនៅត្រីមាសទី១ ឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការដ៏រឹងមាំ សម្រាប់ផ្ទះប្រណីតនៅក្នុងប្រទេសសិង្ហបុរី បើទោះបីជាមានផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី។

កំណើននេះបង្ហាញថា ការសម្រេចចិត្តរបស់អ្នកទិញជាច្រើនមិនត្រូវបានរារាំងដោយភាពមិនប្រាកដប្រជាផ្នែកម៉ាក្រូសេដ្ឋកិច្ចទេ ព្រោះអ្នកទិញប្រហែលជាមើលឃើញថា ផ្ទះប្រណីតនៅសិង្ហបុរី ជាទ្រព្យសកម្មដែលមានសុវត្ថិភាពរយៈពេលវែង។

ខណៈការលក់ផ្ទះថ្មីបានកើនឡើង ការលក់ផ្ទះប្រភេទទី២ បានធ្លាក់ចុះបន្តិចមកត្រឹម១៣៣យូនីតក្នុងត្រីមាសទី១ ពី១៣៩យូនីតក្នុងត្រីមាសទី៤ ឆ្នាំមុន។ ទំហំប្រតិបត្តិការសរុបានធ្លាក់ចុះមកត្រឹម១,៣ពាន់លានដុល្លារសិង្ហបុរី ពី១,៤៣ពាន់លានដុល្លារសិង្ហបុរី។

សិង្ហបុរីបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិ ហើយបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ាអាចចាក់បញ្ចូលកម្លាំងចលករបន្ថែមទៀតដល់ការរីកចម្រើននៃវិស័យនេះ។ កំណើននេះនឹងជំរុញតម្រូវការលំនៅឋាន ការិយាល័យ និងហាងលក់រាយលំដាប់ខ្ពស់ ក៏ដូចជាសណ្ឋាគារប្រណីតផងដែរ៕ប្រភព: The Business Times៕


ចែករំលែក