ទីក្រុង Shenzhen អាចជាទីក្រុងដំបូងគេរបស់ប្រទេសចិន ដែលងើបចេញពីវិបត្តិអចលនទ្រព្យ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ស្តុកលំនៅឋាននៅក្នុងទីក្រុងសុិនជុិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំ ដែលធ្វើឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យានៅភាគខាងត្បូងប្រទេសចិននេះនាំមុខទីក្រុងលំដាប់ទី១ ផ្សេងទៀត ក្នុងការកាត់បន្ថយស្តុកលំនៅឋាន ដែលបណ្តាលមកពីការផ្គត់ផ្គង់លើសតម្រូវការ។

ការធ្លាក់ចុះនៃស្តុកលំនៅឋានធ្វើឱ្យបណ្តាអ្នកវិនិយោគមើលឃើញថា មានសារៈសំខាន់សម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងសុិនជុិន។

យ៉ាងណាមិញ បើទោះបីជាស្តុកលំនៅឋានបានធ្លាក់ចុះនៅក្នុងទីក្រុងធំៗយ៉ាងណាក្តី ក្រុមអ្នកវិភាគអះអាងថា ការងើបឡើងវិញមិនទាន់មានភាពស្មើគ្នាទេ ហើយការងើបឡើងវិញពេញលេញនៅតាមទីក្រុងនានា និងប្រភេទអចលនទ្រព្យខុសៗគ្នានឹងត្រូវការពេលវេលាបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ធនាគារ HSBC បានឱ្យដឹងថា ក្នុងរយៈពេល១២ខែត្រឹមខែមីនា ឆ្នាំ២០២៦ ស្តុកលំនៅឋាននៅទីក្រុងចំនួន១៩ របស់ប្រទេសចិនបានធ្លាក់ចុះជាង១០ភាគរយ។

ក្នុងនោះ ទីក្រុង Shenzhen បានធ្លាក់ចុះច្រើនជាងគេក្នុងចំណោមទីក្រុងលំដាប់១ ផ្សេងទៀត ដោយបានធ្លាក់ចុះ១៧ភាគរយធៀបនឹងឆ្នាំមុន ហើយរយៈពេល inventory turnover បានធ្លាក់ចុះមកនៅត្រឹម៩,៥ខែ។

នេះមានន័យថា ទីក្រុងសុិនជិននឹងត្រូវការពេលវេលាត្រឹមតែ ៩.៥ ខែដើម្បីលក់ផ្ទះទាំងអស់ដែលមាននៅលើទីផ្សារ ប្រសិនបើមិនមានការផ្គត់ផ្គង់លំនៅឋានថ្មី ក្នុងកំឡុងពេលនេះ។

បណ្តាវិនិយោគិនយល់ឃើញថា ការកាត់បន្ថយស្តុកលំនៅឋានលើសតម្រូវការនៅក្នុងប្រទេសចិន ជាគន្លឹះក្នុងការជំរុញឱ្យមានការងើបឡើងវិញយូរអង្វែង។ នៅពេលដែលសូចនាករ inventory turnover ធ្លាក់ចុះដល់១៤ខែ ឬតិចជាងនេះ ជាធម្មតា តម្លៃលំនៅឋាននឹងចាប់ផ្តើមមានស្ថេរភាព។

យោងតាមលោកស្រី Michelle Kwok អ្នកជំនាញនៅធនាគារ HSBC បានឱ្យដឹងថា ស្ថិរភាពនៃតម្លៃលំនៅឋានទំនងជាលេចឡើងមុនគេនៅក្នុងផ្នែកលំនៅឋានប្រណីតនៅក្នុងទីក្រុងធំៗ ហើយឆ្នាំ២០២៦ នឹងក្លាយជាចំណុចរបត់មួយ៕ប្រភព: SCMP៕


ចែករំលែក