ដោយ វុត្ថា
ភ្នំពេញៈ កិច្ចសន្យាជួល គឺជាឯកសារផ្លូវការមួយដែលកំណត់អត្តសញ្ញាណម្ចាស់ផ្ទះ (ភតិបតី) អ្នកជួល (ភតិកៈ) និងអចលនទ្រព្យជួលនោះ។ ឯកសារនេះបញ្ជាក់ពីរយៈពេលជួលថ្លៃជួល និងលក្ខខណ្ឌលម្អិត នៃកិច្ចសន្យាជួល។
តើអ្នកណាគួរតែធ្វើកិច្ចសន្យាជួល?
នៅពេលម្ចាស់ផ្ទះទទួលបានអ្នកជួល ម្ចាស់ផ្ទះត្រូវរៀបចំកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យាស្របច្បាប់នេះ ចាំបាច់ត្រូវធ្វើឡើងទាំងស្រុងដោយម្ចាស់ផ្ទះ និងអ្នកជួលដើម្បីឱ្យភាគីទាំង ពីរយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។
កិច្ចសន្យានេះក៏បញ្ជាក់ផងដែរថា អ្នកជួលមានសិទ្ធិរស់នៅលើអចលនទ្រព្យជាបណ្ដោះអាសន្នជាថ្នូរនឹងការបង់ថ្លៃជួលឱ្យម្ចាស់កម្មសិទ្ធិ។ វាមានសារៈសំខាន់បំផុតដែលភាគីទាំងពីរត្រូវរក្សាច្បាប់ចម្លង កិច្ចសន្យានេះដើម្បីប្រើប្រាស់នៅពេលមានការសង្ស័យ ឬបញ្ហាអ្វីមួយកើតឡើង។
នៅក្នុងកិច្ចសន្យានេះភាគីទាំងពីរអាចបង្កើត ខ សន្យាដើម្បីការពារខ្លួន ប្រសិនបើស្ថានភាពណាមួយត្រូវផ្លាស់ប្តូរ ដែលនេះមានសារៈសំខាន់សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួល ហើយ ខ សន្យាទាំងនេះក៏អាចជាដំណោះស្រាយល្អ មួយប្រសិនបើកាលៈទេសៈមិនល្អបានកើតឡើង។
កិច្ចសន្យាជួលគួរតែមាន៖
ភាគីទាំងពីរត្រូវអង្គុយជាមួយគ្នា ហើយសរសេរឲ្យបានច្បាស់លាស់អំពីអ្វីដែលពួកគេរំពឹងទុកពីគ្នាទៅវិញទៅមក។ ចំណុចទាំងនេះរួមមាន៖
• ការពិពណ៌នាអំពីអចលនទ្រព្យ (បញ្ជាក់អំពីទីតាំងបច្ចុប្បន្ន និងទិដ្ឋភាពទូទៅនៃអចលនទ្រព្យ)
• ឈ្មោះ ហត្ថលេខា ឬស្នាមមេដៃ និងអាសយដ្ឋានរបស់ភាគីទាំងពីរ
• ថ្លៃជួលបច្ចុប្បន្ន និងហេតុផលសមស្របករណីមានការឡើងថ្លៃផ្ទះនៅពេលអនាគត
• លក្ខខណ្ឌនៃការបង់ប្រាក់ (ប្រចាំខែ ត្រីមាស ឬប្រចាំឆ្នាំ)
• ចំនួនទឹកប្រាក់តម្កល់
• ចំនួនទឹកប្រាក់ទូទាត់ប្រចាំខែ
• រយៈពេលជួល
• រយៈពេលជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យា
• រយៈពេល និងលក្ខខណ្ឌអាចបន្តកិច្ចសន្យាបាន
• កាតព្វកិច្ចរបស់ម្ចាស់ផ្ទះ
• កាតព្វកិច្ចរបស់អ្នកជួល
• ការអនុញ្ញាតការកែលម្អផ្ទះ
• ចំនួនអ្នករស់នៅ
• កាតព្វកិច្ចពន្ធ (ជាទូទៅត្រូវទទួលខុសត្រូវដោយម្ចាស់ផ្ទះ ប៉ុន្តែនេះក៏អាស្រ័យទៅតាម ការពិភាក្សាផងដែរ) ។
• រាល់ការចំណាយផ្សេងៗទាំងអស់ត្រូវតែបង់ដោយអ្នកជួល (រួមមានថ្លៃសំរាម ភ្លើងសាធារណៈ ថ្លៃអគ្គីសនី និងថ្លៃទឹក) ដែលត្រូវចរចានៅក្នុងកិច្ចសិន្យា៕