ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងទេសចរណ៍នឹងបង្កើតក្រុមការងារមួយ ដើម្បីបង្កើនផលិតផលកសិកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកសម្រាប់វិស័យទេសចរណ៍ ខណៈគំរោងនេះនឹងជំរុញភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋាននានាដើម្បីប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកជាជាងនាំចេញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា ក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម កំពុងព្យាយាមធ្វើការស្របតាមគោលនយោបាយរបស់ខ្លួន ដើម្បីជំរុញផលិតកម្មកសិកម្ម និងសិប្បកម្មលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យម (SMEs) ដើម្បីបង្កើនផលិតកម្ម។
លោកបន្តថា “រដ្ឋាភិបាលបានផ្តល់ភារកិច្ចនេះ ដល់ក្រសួងទេសចរណ៍ ហើយភាគីពាក់ព័ន្ធទាំងអស់ បានយល់ពីអ្វីដែលយើងកំពុងធ្វើ ប៉ុន្តែយើងត្រូវតែមានយន្តការជាក់លាក់”។ លោកបន្តថា “នេះគឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់នោះគឺបង្កើនប្រាក់ចំណូលរបស់ប្រជាជន តាមរយៈវិស័យទេសចរណ៍ និងដើម្បីកាត់បន្ថយការលេចធ្លាយនៅក្នុងវិស័យសេដ្ឋកិច្ច និងបង្កើនតម្លៃផលិតផលក្នុងស្រុក”។
លោកថោង ខុន បានបន្តថា “ខ្ញុំនឹងរៀបចំក្រុមការងារពិសេសដោយផ្តោតតែលើការងារនេះអំពីការលេចធ្លាយនៅក្នុងវិស័យទេសចរណ៍ ហើយនឹងធ្វើបច្ចុប្បន្នភាពរបាយការណ៍ម្តងក្នុងរយៈពេលបីខែ”។
ការលេចធ្លាយក្នុងវិស័យទេសចរណ៍គឺសាមញ្ញ។ នៅឆ្នាំ២០១៨ ការលេចធ្លាយក្នុងវិស័យទេសចរណ៍ត្រូវបានគេប៉ាន់ស្មានថា មាន២៥ភាគរយ ក្នុងនោះ១៥ ភាគរយនៃការលេចធ្លាយ គឺជារឿងសាមញ្ញពីព្រោះជាឧទាហរណ៍កម្ពុជាមិនអាចផលិតស្រាវីស្គី និងស្រាដែលមានតម្លៃថ្លៃបានទេ។
លោកឲ្យដឹងទៀតថា “បើយើងអាចកាត់បន្ថយការលេចធ្លាយបាន១០ភាគរយយើងទទួលបានពី៣០០ ទៅ៤០០លានដុល្លារ ព្រោះយើងប៉ាន់ស្មានថាចំណូលជាតិនៅក្នុងវិស័យទេសចរណ៍មានប្រហែល៤ពាន់លានដុល្លារ”។ លោកបានបន្ថែមថា“យើងនឹងជំរុញសហគមន៍កសិកម្ម និងសន្ទុះវិនិយោគក្នុងសហគមន៍ដើម្បីផ្គត់ផ្គង់ទីផ្សារដើម្បីកាត់បន្ថយការនាំចេញទៅប្រទេសដទៃទៀត”។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន ឲ្យដឹងថា រដ្ឋាភិបាលត្រូវជំរុញបន្ថែមប្រជាជនទាក់ទង និងកិច្ចការនេះ ព្រោះវាចំណូលចូលសេដ្ឋកិច្ចជាតិ។
លោកបន្តថា “រដ្ឋាភិបាលត្រូវជំរុញការបង្រៀនបន្ថែម ក៏ដូចជាផ្តល់ជំនួយដល់កសិករក្នុងផលិតផលកសិកម្មឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យសេដ្ឋកិច្ចប្រជាជន និងកាត់បន្ថយការនាំចូលជាជាងការនាំចេញ”។

លោកស៊ីណាបានឲ្យដឹងទៀតថា “បើសម្រេចបានកិច្ចនេះ មិនត្រឹមតែប្រជាជនទទួលបានផលប្រយោជន៍ទេ ថែមភ្ញៀវក៏រីករាយជាមួយផលិតកសិកម្ម ដែលមានសុវត្ថិភាព ព្រោះអាហារមានសារសំខាន់ណាស់ក្នុងវិស័យទេសចរណ៍”៕