កម្ពុជា និងតួកម៉ានីស្ថានគ្រោងនឹងចុះMoUកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍និងជម្រុញជើងហោះហើរត្រង់

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ កម្ពុជា និងប្រទេេតួកម៉ានីស្ថាន គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗខាងមុខនេះ។

ព័ត៌មាននេះត្រួវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សានេះ លោកAHMET Gurbanov បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការចាប់អារម្ម​ណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្តានុពល វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានកាន់តែច្រើន។

លោកក៏បានគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងវិស័យទេសចរណ៍បន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូន លោករដ្ឋមន្រ្តីអំពីសក្តានុពលទេសចរណ៍របស់តួកម៉ានីស្ថាន ដែលរួមមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ព្រមទាំងទេសចរណ៍បែបវេជ្ជសាស្រ្តដែលផ្សារភ្ជាប់ការព្យាបាលតាមបែបធម្មជាតិ។

ជាកិច្ចឆ្លើយតប លោកហួត ហាក់បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកម៉ានីស្ថាន ដែលបានរួមចំណែកជាវិជ្ជមាន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនសក្តានុពល កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីតួកម៉ានីស្ថាន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា ទៅកាន់ប្រជាជនតួកម៉ានីស្ថាន និងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតអំពីកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជំរៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសច​រណ៍ទ្វេភាគី តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញទស្សនកិច្ចថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ និងការសិក្សាលទ្ធភាពរៀបចំជើងហោះហើរត្រង់រវាងទីក្រុង Ashgabat-ភ្នំពេញ និង Ashgabat-សៀមរាប។

កម្ពុជា និងតួកម៉ានីស្ថាន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៩៥ ហើយក្នុងរយៈពេលចុងក្រោយនេះ ភាគីទាំងពីរបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ផងដែរ៕


ចែករំលែក