ទីផ្សារការិយាល័យលំដាប់ខ្ពស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបង្ហាញពីភាពធន់ ខណៈតម្រូវការមានភាពប្រសើរឡើង

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យលំដាប់ខ្ពស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់នៅត្រីមាសទី១ ឆ្នាំ២០២៦ ដោយរក្សាបាននូវសន្ទុះងើបឡើងវិញ ទោះជាភាពតានតឹងភូមិសាស្ត្រនយោបាយថ្មីបាននាំមកនូវភាពប្រែប្រួលថ្មីដល់សេដ្ឋកិច្ចពិភពលោកក្តី។

យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា តម្លៃជួលការិយាល័យលំដាប់ខ្ពស់ជាមធ្យមក្នុងតំបន់បានកើនឡើង០,៨ភាគរយនៅត្រីមាសទី១ បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។ នេះជាសញ្ញារឹងមាំសម្រាប់ទីផ្សាររឹងមាំ ដែលបង្ហាញថា តម្រូវការការិយាល័យលំដាប់ខ្ពស់នៅតែបន្តលើសពីការផ្គត់ផ្គង់។

ក្នុងចំណោមទីក្រុងចំនួន២៤ មានទីក្រុងចំនួន១៨ សម្រេចបានស្ថិរភាពនៃតម្លៃជួលឬកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ។ ទិន្នន័យនេះបង្ហាញពីភាពប្រសើរឡើង បើធៀបនឹងទីក្រុងចំនួន១៧ ដែលសម្រេចបានកំណើននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

សញ្ញាវិជ្ជមាននេះបានលេចចេញឡើង ទោះបីជាមានការកើនឡើងនៃជម្លោះតានតឹងនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងហក់ឡើងជាង៤០ភាគរយក្នុងខែមីនា។

គោលនយោបាយធ្វើការពីផ្ទះ (work-from-home policy) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅមានកម្រិត។ ជាលទ្ធផល តម្រូវការការិយាល័យដែលមានគុណភាពខ្ពស់នៅតែមានភាពរឹងមាំជារួម។

ស្របពេលជាមួយគ្នានេះ អត្រាការិយាល័យទំនេរ (Vacancy rate) នៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានធ្លាក់ចុះរយៈពេល២ត្រីមាសជាប់ៗគ្នាមកនៅត្រឹម១៤,១ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។

ទោះជាយ៉ាងណា ក្រុមហ៊ុន Knight Frank បានវាយតម្លៃថា ភាពល្អប្រសើរឡើងនេះអាចជាស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះទំហំការិយាល័យថ្មីជិត១០លានម៉ែត្រការ៉េនឹងចូលទីផ្សាររបស់តំបន់ក្នុងពេលឆាប់ៗនេះ ដែលអាចជំរុញឱ្យអត្រាការិយាល័យទំនេរកើនឡើងដល់១៦ភាគរយទៅ១៨ភាគរយ៕ប្រភព: The Edgeprop៕


ចែករំលែក