ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Trump Organization បានប្រកាសបោះបង់ផែនការសាងសង់អគារដំបូងបំផុតរបស់ខ្លួននៅប្រទេសអូស្ត្រាលី ក្នុងរយៈពេលមិនដល់៣ខែ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការខកខានរបស់ដៃគូអូស្ត្រាលីក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុមួយចំនួន។
ក្រុមហ៊ុននេះបានចុះហត្ថលេខាកាលពីខែកុម្ភៈជាមួយក្រុមហ៊ុនអូស្ត្រាលី Altus Property Group ដើម្បីអភិវឌ្ឍអគារខ្ពស់កប់ពពកកម្ពស់ ៩១ ជាន់ តម្លៃ ១,៥ ពាន់លានដុល្លារអូស្ត្រាលី (១,០៩ ពាន់លានដុល្លារអាមេរិក) នៅលើឆ្នេរ Gold Coast ដែលជាតំបន់មាត់សមុទ្រដ៏ល្បី និងជាគោលដៅទេសចរណ៍មួយនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Trump Organization បានបញ្ជាក់ថា គម្រោងនេះអាស្រ័យលើដៃគូផ្តល់អាជ្ញាប័ណ្ណ Altus ដែលមិនបានបំពេញកាតព្វកិច្ចមួយចំនួន ហើយបានបន្ថែមថា ខ្លួននឹងស្វែងរកគម្រោងមានសក្តានុពលផ្សេងទៀតដើម្បីសាងសង់នៅប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រុមហ៊ុន Trump Organization បានអះអាងថា «បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ និងការសន្យាទទេៗលើគម្រោងនេះ ក្រុមហ៊ុន Altus Property Group មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុជាមូលដ្ឋានបំផុត នៅពេលអនុវត្តកិច្ចព្រមព្រៀងនេះនោះទេ»។
យ៉ាងណាមិញ កាសែត Australian Financial Review បានរាយការណ៍ថា ការអភិវឌ្ឍគម្រោងខាងលើនេះនឹងបន្តដំណើរការ ដោយគ្មានឈ្មោះយីហោរបស់ក្រុមហ៊ុន Trump Organization។
ក្រុមហ៊ុន Altus បានស្នើសាងសង់សណ្ឋាគាររីសតប្រណីតកម្រិតផ្កាយ៦ ដែលមានអាផាតមុិនចំនួន២៧០យូនីត ក្លឹបឆ្នេរ និងអាងហែលទឹក។ តម្លៃអាផាតមិនត្រូវបានគេរំពឹងថា នឹងមានទំហំទឹកប្រាក់ចាប់ពី៥លានដុល្លារអូស្ត្រាលី (ប្រមាណ៣,៦២លានដុល្លារអាមេរិក)៕ប្រភព: Nikkei Asia៕







