ដោយៈ និស្ស័យ
ភ្នំពេញៈ ជាដំណឹងរីករាយមួយ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៣ % ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ។
ទោះជាយ៉ាងណា ការសាងសង់ផ្លូវតភ្ជាប់ភាគខាងលិចស្ពានមកកាន់មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ មិនទាន់បានសម្រេចរួចរាល់នៅឡើយទេ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងការបញ្ចប់ការដឹកជញ្ជូនធ្នឹមស្ពាន ពីត្រើយខាងលិច ទៅត្រើយខាងកើត ដែលគិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ នេះ សម្រេចបាន ៧៣ % ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
វឌ្ឍនភាពគម្រោងរួមមាន ១)ផ្នែកគ្រឹះស្ពានសម្រេចបាន១០០% ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ % ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤). រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៦៧,៣០% (ធ្នឹមប្រអប់ខាងស្តាំដៃ ចំនួន៤៩កង់ សម្រេចបាន៣៦កង់ និងធ្នឹមប្រអប់ខាងឆ្វេងដៃ ចំនួន៤៩កង់ សម្រេចបាន ៣០កង់) និង ៥).បណ្តាញផ្លូវសម្រេចបាន ៤៨,៤ % (តភ្ជាប់ ប្រវែង៨០៤,៣០ម. សម្រេចបាន៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង១,៥៤ម. សម្រេចបាន ៤៦%)។

ការដឹកធ្នឹមស្ពាន ពីត្រើយខាងលិចទៅត្រើយខាងកើត ចំនួន៩៦ដើម ត្រូវបានបញ្ចប់ និងកំពុងចាក់បេតុងតភ្ជាប់មុខតំណ។
ក្រុមការងារវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារដែលបញ្ចប់ និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព ។ អង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។
ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧ តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន៖ ស្ពានឆ្លងកោះពេជ្រកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕







