ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់៖ ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសគឺនៅក្នុងរដូវកាលបៃតង និងព្រឹត្តិការណ៍យោគៈអន្តរជាតិដ៏ធំនៅកម្ពុជានាខែមិថុនានេះ។
លោកហួត ហាក់ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរ ក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើង ដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
ដោយមានការចូលរួមពីលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាន់ខ្ពស់ក្រសួង និងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីធនាគារ និងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនៃកម្មវិធីដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធ ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើន ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យក្លាយជាវិស័យដ៏ទំនើប ធន់ និងមានភាពប្រកួតប្រជែង ដែលជាវិស័យត្រូវបានចាត់ទុកជា “មាសបៃតង” ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា។
លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរនេះ ដែលនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថល ដែលមានភាពតភ្ជាប់ និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែននេះ ក៏នឹងជួយលើកកម្ពស់បទពិសោធន៍ ការធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព ព្រមទាំងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ២២.០០០នាក់ ហើយរំពឹងថាចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធរបស់ភ្ញៀវទេសចរ ជាពិសេសព្រឹត្តការណ៍យោគៈអន្តរជាតិដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕







