គម្រោងព្រែកជីកភ្ជាប់ទន្លេទៅកាន់សមុទ្រដំបូងគេបំផុតរបស់ប្រទេសចិន ឈានចូលដល់ដំណាក់កាលតេស្តសាកល្បង

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ព្រែកជីក Pinglu ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បានឈានចូលដល់ដំណាក់កាលតេស្តសាកល្បង ហើយត្រូវបានគេរំពឹងថានឹងបើកសម្ពោធជាផ្លូវការនៅខែកញ្ញាខាងមុខ។

ព្រែកជីកដែលមានប្រវែង ១៣៤,២ គីឡូម៉ែត្រនេះ ជាផ្លូវទឹកដំបូងគេដែលត្រូវបានសាងសង់ឡើង ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីភ្ជាប់ប្រព័ន្ធទន្លេក្នុងស្រុកដោយផ្ទាល់ទៅកាន់សមុទ្រ។

ព្រែកជីកនេះមានសមត្ថភាពផ្ទុកនាវាទម្ងន់ ៥.០០០ តោន ហើយនឹងផ្តល់នូវផ្លូវដឹកជញ្ជូនលឿន និងថ្លៃដឹកជញ្ជូនថោកជាងមុនរវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។

ព្រែកនេះភ្ជាប់អាងស្តុកទឹក Xijin ក្នុងទីក្រុង Hengzhou ទៅកាន់កំពង់ផែ Qinzhou នៅលើឈូងសមុទ្រ Beibu ហើយបង្កើតបានជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី ដែលភ្ជាប់ភាគខាងលិចប្រទេសចិនទៅកាន់ទីផ្សារពិភពលោក។

ដោយ​ការសាងសង់​បាន​បញ្ចប់​ជាង៩៦ភាគរយ ព្រែក​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើកដាក់ឱ្យ​ដំណើរការ​ក្នុង​អំឡុង​ពេល​ពិព័រណ៍​ចិន-អាស៊ាន​ (China-ASEAN Expo) នៅ​ខែ​កញ្ញា ឆ្នាំ២០២៦។

ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវដឹកជញ្ជូនពីភាគនិរតីប្រទេសចិនចំនួនជាង៥៦០គីឡូម៉ែត្របើប្រៀបធៀបទៅនឹងផ្លូវបច្ចុប្បន្នឆ្លងកាត់កំពង់ផែក្វាងចូវ ដោយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនប្រហែល ៥,២ ពាន់លានយ័ន (៧៦៨លានដុល្លារ) ក្នុងមួយឆ្នាំ៕ប្រភព: China Daily៕


ចែករំលែក