កម្ពុជា ជប៉ុនពិភាក្សា​លើ​ការ​អភិវឌ្ឍ​ប្រភព​ថាមពល​បៃតង​ ការ​បង្កើន​ប្រសិទ្ធ​ភាព​ថាមពល​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាត​វៃ

ចែករំលែក

ដោយៈ ចំណាន

    ជប៉ុនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងអូសាកា ដើម្បីបន្តបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគ។

ជាកិច្ចចាប់ផ្តើមនៃដំណើរបេសកកម្ម ក្នុងទីក្រុងអូសាកា លោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ និងជាប្រធាន ព្រមទាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sumitomo Electric Industries, Ltd.។

អមដំណើរឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ក៏មានការចូលរួមពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន, ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិត និងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមក លើវិស័យឧស្សាហកម្ម គ្រឿងបង្គំយានយន្តនៅកម្ពុជា សំដៅជំរុញគោលដៅយុទ្ធសាស្ត្រ ក្នុងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្ត នាពេលអនាគត។

បន្ថែមពីលើនេះ អង្គប្រជុំក៏បានលើកយកវិស័យ ថាមពលកកើតឡើងវិញ មកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលបៃតង ការបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនី នៅក្នុងតំបន់ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Sumitomo Electric Industries, Ltd. ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មយ៉ាងជោគជ័យ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Sumi Wiring Systems (Cambodia) Co., Ltd. ដែលបានចាប់ផ្តើមខ្សែច្រវាក់ផលិតកម្ម ខ្សែបណ្តាញចរន្តអគ្គិសនីក្នុងរថយន្ត (Wire Harness) នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយបច្ចុប្បន្នបាននិងកំពុងផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ៦.០០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ បន្តនូវរាល់បទពិសោធន៍វិជ្ជមាន និងភាពជោគជ័យជាក់ស្តែងរបស់ខ្លួន ទៅក្នុងបណ្តាញធុរកិច្ច និងដៃគូពាណិជ្ជកម្មនានារបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីបរិយាកាសវិនិយោគ ដ៏ល្អប្រសើរនៅកម្ពុជា៕


ចែករំលែក