ដោយៈ ចំណាន
រ៉ង់ហ្គូនៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញដល់ទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុខសុវត្ថិភាព។
ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញដល់ទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុខសុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់លោក Maung Maung Kyaw រដ្ឋលេខាធិការប្រចាំការនៃក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌ និងឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំលើសហប្រតិបត្តិការ ទេសចរណ៍កម្រិតខ្ពស់ក្នុងតំបន់ “វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៦” និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ព្រឹត្តិការណ៍សហប្រតិបត្តិការទេសចរណ៍ កម្រិតខ្ពស់ក្នុងតំបន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមប្រធានបទ “ទេសចរណ៍ដើម្បីប្រជាជន ការធ្វើដំណើរប្រកបដោយអត្ថន័យ”។
វេទិកានេះ គឺជាវេទិកាកម្រិតតំបន់មួយ សម្រាប់ប្រទេសនីមួយៗ និងគ្រប់ភាគីពាក់ព័ន្ធ ជួបពិភាក្សាផ្លាស់ប្តូរទស្សន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព ដោយផ្តោតលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាស្នូល នៅក្នុងមហាអនុតំបន់មេគង្គ៕







