ដោយៈ ម៉ាណា
មីយ៉ាន់ម៉ាៈ សមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា (UMTA) តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងមីយ៉ាន់ម៉ា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា (UMTA) និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគម ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា។
ក្នុងជំនួបនៃកិច្ចពិភាក្សានេះ លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចការងារ របស់លោក រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍លើសក្តានុពល វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ា មកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទី របស់សមាគមក្នុងការជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហការ ជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍ នៃប្រទេសទាំងពីរ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធី ផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) វេទិកាធុរកិច្ចទេសចរណ៍ (B2B Forum) និងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាអំពីការលើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងវិនិយោគិនរបស់មីយ៉ាន់ម៉ា ឱ្យស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម លើវិស័យទេសចរណ៍នៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យ UMTA ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍មីយ៉ាន់ម៉ា តាមរយៈបណ្តាញសមាជិករបស់សមាគម ព្រមទាំងជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញ សង្គមពីមីយ៉ាន់ម៉ា មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារមីយ៉ាន់ម៉ាឱ្យកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រការតភ្ជាប់ជើងហោះហើរ រវាងគោលដៅទេសចរណ៍សំខាន់ៗ ដូចជា តំបន់អង្គរ និងតំបន់បាកាន ដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារតំបន់ និងអន្តរជាតិ។
សមាគមទីភ្នាក់ងារទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា (UMTA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងជាស្ថាប័នតំណាងដ៏សំខាន់បំផុតមួយ នៃវិស័យទេសចរណ៍ឯកជននៅមីយ៉ាន់ម៉ា ដែលមានសមាជិកប្រមាណ១,០០០ អង្គភាព។
សមាគមនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗ របស់មីយ៉ាន់ម៉ា ដូចជា យ៉ាងហ្គូន បាកាន មណ្ឌាល័យ និងបឹងអ៊ីនឡេ ហើយត្រូវបានទទួលស្គាល់ថា ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា។
នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥,៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ា ប្រមាណ ៣៧.០០០នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១,៣លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង១០,០០០នាក់៕







