ដោយ វុត្ថា
ភ្នំពេញៈ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភព កម្ពុជាប៉ុណ្ណោះ។
ប្រាក់ចំណេញជាប់ពន្ធ
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធ ដែលបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់ អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ ពីអចលនទ្រព្យទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅ៖
១- ២០% : ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល។
២- ៣០% : ចំពោះប្រាក់ចំណេញ ដែលសម្រេចបានក្រោមកិច្ចសន្យា បែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា។
៣- ៩% : ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលទទួលស្គាល់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលអន្តរកាល៥ឆ្នាំ ដោយគិតចាប់ផ្តើមពីប្រកាសឱ្យប្រើច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
៤- 0% : ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
៥- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោម ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយរូបវន្តបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗ របស់ក្រុមអាជីវកម្ម ដែលមិនត្រូវបានចាត់ទុកជា នីតិបុគ្គល ៖
ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ ; អត្រាពន្ធ
ពី 0 ៛ ដល់ ៦.០០០.០០០ ៛ ០%
ពី ៦.០០០.០០១ ៛ ដល់ ១៥.០០០.០០០ ៛ ៥%
ពី ១៥.០០០.០០១ ៛ ដល់ ១០២.០០០.០០០ ៛ ១០%
ពី ១០២.០០០.០០១ ៛ ដល់ ១៥០.០០០.០០០ ៛ ១៥% លើសពី ១៥០.០០០.០០០ ៛ ២០%
៦- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ខាងក្រោម ៖
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា ។
ខ. តាមអត្រាទាំងឡាយដូចមានចែងក្នុងចំណុច ១-២-៣-៤និង៥ ខាងលើចំពោះសកម្មភាពដទៃទៀតដែល មិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត៕