ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងសហភាពអឺរ៉ុបបានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជនកម្ពុជា សហភាពអឺរ៉ុប ដើម្បីពង្រឹងទំនុកចិត្តបន្ថែមទៀត។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប សំដៅជំរុញការវិនិយោគបន្ថែមនៅកម្ពុជា។
កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអឺរ៉ុប និងការឯកភាពនូវជំហានបន្តបន្ទាប់ ដើម្បីប្រាកដថាបញ្ហាដែលបានលើកឡើង នឹងត្រូវបានដោះស្រាយដោយវិជ្ជមាន៕








