ការរីកចម្រើននៃវិស័យសំណង់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការរីកចម្រើនផ្នែកសំណង់របស់តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ស្របពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះខាតកម្លាំងពលកម្ម និងវិបត្តិថាមពល ដែលកំពុងលេចចេញជាឧបសគ្គសំខាន់ៗ។

យោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុន Linesight បង្ហាញថា បញ្ហាប្រឈមធំៗទាំងនេះបានជះផលប៉ះពាល់ដល់ការដឹកជញ្ជូន និងក្លាយជាកង្វល់ធំបំផុត ទោះបីជាតម្រូវការនៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី។

វិស័យសំណង់នៅតំបន់អាសុីប៉ាសុីហ្វិកបានបង្ហាញភាពរឹងមាំនៅដើមឆ្នាំ២០២៦។ ប៉ុន្តែភាពតានតឹងសកល រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែអាក្រក់ទៅៗ និងជំរុញឱ្យថ្លៃដើមកើនឡើង។

កំណើននៃតម្លៃប្រេង និងឧស្ម័នក៏បានបង្កើនអតិផរណា និងបន្ថែមសម្ពាធលើសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើការនាំចូលផងដែរ។

ទោះបីជាយ៉ាងនេះក្តី តម្រូវការខាងក្រៅ ជាពិសេសឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទាក់ទងនឹងបញ្ញាសិប្បនិម្មិត នៅតែបន្តគាំទ្រដល់ការនាំចេញនៅក្នុងប្រទេសដូចជា ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ កូរ៉េខាងត្បូង និងចិន។

នៅប្រទេសសិង្ហបុរី វិស័យសំណង់ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ៤,៥ភាគរយក្នុងឆ្នាំ២០២៦ ដែលគាំទ្រដោយគម្រោងធំៗដូចជា ស្ថានីយលេខ ៥ នៃអាកាសយានដ្ឋាន Changi ការពង្រីកអគារ Marina Bay Sands និងការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែក។

នៅទូទាំងតំបន់ អត្រាអតិផរណាក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថា នឹងនៅមានកម្រិតខ្ពស់ចន្លោះពី៣,៥ភាគរយទៅ៦ភាគរយ ដោយសារកំណើនថ្លៃដើម ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី៕ប្រភព: The Business Times៕


ចែករំលែក