រមណីយដ្ឋានគិរីរម្យទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មីប្រវែង៧គីឡូម៉ែត្រ

ចែករំលែក

ដោយៈ ម៉ាល័យ

    កំពង់ស្ពឺៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ។

ផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយអ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ១,២២ លានដុល្លារអាម៉េរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាង ដែលបានលេចជារូបរាងពេញលេញ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។

ពិធីសម្ពោធផ្លូវ ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់នេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី និង លោកជំទាវនិងមន្រ្តីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើ​រ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា សួរ វីរៈ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន ក្នុងការកសាងផ្លូវមួយខ្សែនេះឡើង តួយ៉ាងអ្នកឧកញ៉ាក៏តែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ព្រមទាំងចូលរួមយ៉ាងសកម្ម ជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នាពេលកន្លងមក ក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានគូសរំលេចថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រ មានទីតាំងនៅជិតរាជធានីភ្នំពេញ សម្បូរដោយព្រៃភ្នំ វាលស្មៅដ៏ស្រស់ស្អាត ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល មានសហគមន៍ជនជាតិដើមភាគតិច និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត អំពៅ និងស្រាផងដែរ។

សក្តានុពលធនធានទាំងអស់នេះ គឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្តដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ តំបន់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ។

លោកបានរំលេចបន្ថែមថា តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងផ្លូវល្បឿនលឿន ខេត្តកំពង់ស្ពឺបាន និងកំពុងស្រូបយកគម្រោងវិនិយោគ រោងចក្រ សហគ្រាសធំៗជាច្រើន ព្រមទាំងកែប្រែមុខមាត់ពីខេត្ត ដែលធ្លាប់តែពឹងផ្អែកលើកសិកម្ម ទៅជាខេត្តកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលបង្កើតការងារជូនប្រជាពលរដ្ឋរាប់សែននាក់ និងចូលរួមនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


ចែករំលែក