ទស្សនទានមួយៈ ជម្ងឺក្នុងវិស័យទេសចរណ៍កម្ពុជា

ចែករំលែក

ដោយៈ សេវិក

    ភ្នំពេញៈ ស្របពេលវិសា័យទេសចរណ៍ កំពុងដាំក្បាលចុះនៃការមកដល់របស់ភ្ញៀវអន្តរជាតិ បញ្ហានេះមិនមែនជាអ្វីដែលជាចំណោទដ៏សាមញ្ញនោះទេ វាត្រូវការនូវផែនការ យុទ្ឋសាស្រ្ត ធនធានមនុស្ស និងមូលធនហិរញ្ញវត្ថុ។

អ្នកជំនាញ និងតាមដានក្នុងវិស័យនេះបានលើកឡើងនូវទស្សនទានមួយចំនួនដូចជា…

១) ចាក់ទឹកថ្លា ចូលទឹកល្អក់ (យុទ្ធសាស្ត្របិទបាំងបញ្ហា)

ភាពខុសឆ្គងជាក់ស្តែងៈ ការព្យាយាមបង្កើតតែរូបភាពវិជ្ជមាន ឬព័ត៌មានល្អៗ (ទឹកថ្លា) ដើម្បីទៅបន្សាបព័ត៌មានអវិជ្ជមាន (ទឹកល្អក់) គឺជារឿងមិនអាចទៅរួច និងជាការគេចវេះពីការពិត។

បញ្ហាពិតប្រាកដដូចជា ការបោកប្រាស់តម្លៃ សេវាកម្មខ្វះស្តង់ដារ ឬបញ្ហាសន្តិសុខ មិនមែនបាត់ទៅវិញ ដោយសារតែយើងខំប្រកាសថាប្រទេសយើងល្អនោះទេ។

ផលប៉ះពាល់ៈ បើប្រព័ន្ធខាងក្នុងនៅតែ “ល្អក់” ទោះជាយើងចាក់ទឹកថ្លាចូលប៉ុណ្ណាក៏វាគង់តែល្អក់ដែរ។ វាជាការខ្ជះខ្ជាយថវិកាលើការធ្វើទីផ្សារ (Marketing) ដោយមិនបានកែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង។

២)យកកង្កែប ចេញពីអណ្តូង (ការវាយតម្លៃខុសលើធនធានមនុស្ស)

ភាពខុសឆ្គងជាក់ស្តែង៖ ការប្រើពាក្យធៀបនេះ ហាក់ដូចជាទម្លាក់កំហុស និងបន្ទាបតម្លៃប្រតិបត្តិករ យុវជន ឬសហគមន៍ទេស​ចរណ៍ក្នុងស្រុកថា ជាអ្នកខ្វះការយល់ដឹង និងចង្អៀតចង្អល់។ នៅក្នុងតថភាពជាក់ស្តែង ប្រតិបត្តិករក្នុងស្រុកភាគច្រើន ដឹងច្បាស់ណាស់ថា ពិភព​​​លោកដើរដល់ណា និងភ្ញៀវទេសចរចង់បានអ្វី។

បញ្ហារបស់ពួកគេមិនមែនមកពី “នៅក្នុងអណ្តូង” នោះទេ ប៉ុន្តែគឺមកពីកង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធខ្សោយ និងកង្វះគោលនយោបាយលើកទឹកចិត្តពីរដ្ឋាភិបាល។

ផលប៉ះពាល់ៈ ការផ្តោតតែលើការនាំមនុស្ស ទៅមើលក្រៅប្រទេស ដោយមិនដោះស្រាយឧបសគ្គធុរកិច្ចនៅក្នុងស្រុក គឺមិនអាចជួយឱ្យពួកគេរីកចម្រើនបានឡើយ។

៣) ភ្លក្សកម្ពុជា ដើម្បីយល់បេះដូងកម្ពុជា (ពាក្យស្លោកអរូបិយ ខ្វះភាពទាក់ទាញ)

ភាពខុសឆ្គងជាក់ស្តែង៖ នេះគ្រាន់តែជាពាក្យស្លោកបែបអក្សរសិល្ប៍ និងមនោសញ្ចេតនា (Romanticized Slogan) ដែលមិនមានទម្ងន់ផ្នែកសេដ្ឋកិច្ច ឬទីផ្សារអន្តរជាតិ។ ភ្ញៀវទេសចរបរទេសមុននឹងសម្រេចចិត្តជិះយន្តហោះមកស្រុកខ្មែរ គេមិនមែនមកដើម្បីស្វែងយល់ពី “បេះដូង” ឬ “ភាពអត់ធ្មត់” របស់យើងនោះទេ។

អ្វីដែលគេត្រូវការមុនគេ គឺភាពងាយស្រួលក្នុងការធ្វើដំណើរ (Connectivity) សុវត្ថិភាពផ្ទាល់ខ្លួន តម្លៃសមរម្យ និងសេវាកម្មដែលមានជំនាញច្បាស់លាស់។

ផលប៉ះពាល់ៈ ការប្រើប្រាស់ភាសាបែបអរូបិយ និងមនោសញ្ចេតនាពេក ធ្វើឱ្យយុទ្ធសាស្ត្រទីផ្សារទេសចរណ៍ខ្សោយ មិនចំគោលដៅ និងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដែលគេប្រើប្រាស់យុទ្ធសាស្ត្រទាក់ទាញបែបជាក់ស្តែងនិយម (Pragmatic Approach)។

ការស្តារវិស័យទេសចរណ៍ មិនអាចរស់បាន ដោយសារពាក្យស្លោក ឬការប្រៀបធៀបន័យធៀបនោះទេ។ ប្រសិនបើថ្នាក់ដឹកនាំ និងអ្នកជំនាញ នៅតែបន្តយល់ស្របនឹងគំនិត ដែលមិនចាក់គ្រឹះលើការពិតទាំងនេះ នោះវិស័យទេសចរណ៍នឹងកាន់តែធ្លាក់ចុះ ព្រោះយើងកំពុងដោះស្រាយបញ្ហា ដោយផ្អែកលើការស្រមើស្រមៃ មិនមែនផ្អែកលើទិន្នន័យ និងតថភាពទីផ្សារឡើយ៕


ចែករំលែក