ដោយៈ ចំណាន
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានចូលរួម ក្នុងកិច្ចប្រជុំជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នឹងរៀបចំឡើងស្របនឹងព្រឹត្តិការណ៍ “សមរាត្រី” ដើម្បីជំរុញទេសចរណ៍រដូវបៃតង ក្រោមអធិបតីភាព លោកវ៉ាន់ហេង ដាវុធ រដ្ឋលេខាធិ ការក្រសួងទេសចរណ៍។
លោកវ៉ាន់ហេង ដាវុធ រដ្ឋលេខាធិ ការក្រសួងទេសចរណ៍ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ និង ការគាំទ្រពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាផ្សារភ្ជាប់នឹងទេសចរណ៍”។
ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅពេលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
លោកបញ្ជាក់ថា “ព្រឹត្តិការណ៍នេះ មានគោលបំណងជម្រុញការផ្សព្វផ្សាយ តំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង”។ លោកបន្ថែមថា “អ្វីដែលកាន់តែពិសេសនោះ គឺការចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយនៃសមរាត្រី ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ”។
ព្រឹត្តិការណ៍ជិះកង់កម្សាន្ត និងផ្សងព្រេងក្នុងព្រៃតំបន់អង្គរ នឹងផ្ដល់ជូនអ្នកចូលរួម នូវបទពិសោធន៍ដ៏អស្ចារ្យ តាមរយៈការជិះកង់កាត់ព្រៃធម្មជាតិ ឆ្លងកាត់កំពែងប្រាសាទបុរាណ ទស្សនាប្រាសាទលាក់ខ្លួនក្នុងព្រៃ និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង ដែលការរៀបចំនេះ មានគោលដៅចម្បង ក្នុងការជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងលើកកម្ពស់រូបភាពវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ក្នុងខេត្តសៀមរាប ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។ ដើម្បីឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន ពិតណាស់ទាមទារ ឲ្យមានការសហការគ្នាគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ។ លោកបានជម្រុញ ដល់កងកម្លាំងទាំង៣ប្រភេទ ត្រូវសហការលើសន្ដិសុខ ការបញ្ចៀសចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមតម្រាយផ្លូវដែលព្រឹត្តការណ៍ជិះឆ្លងកាត់។
លោកសង្ឃឹមថា ក្រោយចប់ព្រឹត្តការណ៍នេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម នឹងបានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការជិះកង់ និងបានចូលរួមចំណែកក្នុងការផ្សព្វ ផ្សាយសក្ដានុពលទេសចរណ៍ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕







