រដ្ឋមន្រ្តីៈ​ ការ​អភិវឌ្ឍ​ភ្នំគូលែន​ផ្តោត​លើ​ប្រជា​សហគមន៍​ជា​ស្នូល​និង​ការ​អភិរ័ក្ស​ធនធាន​ធម្មជាតិ​

ចែករំលែក

ដោយៈ ម៉ាណា

    សៀមរាបៈ ការអភិវឌ្ឍភ្នំគូលែន ដោយផ្តោតលើប្រជាសហគមន៍ជាស្នូល និងការអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រ ប្រកបដោយចីរភាព ជាមូលដ្ឋាន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម “ភ្នំគូលែន” ក្នុងគោលបំណងដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ និងស្តាប់ពីបញ្ហាប្រឈម និងសំណូមពររបស់សហគមន៍នានា នៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម “ភ្នំគូលែ​ន”។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងគ្រឹះ​ស្ថានអង្គរ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, លោកមេឃុំ, អាជ្ញាធរដែនដីមានសមត្ថកិច្ចពាក់ព័ន្ធ តំណាងក្រុមហ៊ុននគរគោកធ្លក ព្រមទាំងលោកអ៊ំ ពូ មីង បងប្អូន ប្រជាសហគមន៍ទាំង៥។

ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាសហគមន៍ទាំងអស់ ដែលបានលះបង់សព្វគ្រប់បែបយ៉ាង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិរក្សធនធានធម្មជាតិ និង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដល់ភ្ញៀវទេសចរពីគ្រប់ទិសទី។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចក្ខុវិស័យ ក្នុងការប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន មានសក្តានុពល និងភាពប្រកួតប្រជែងខ្ពស់​នៅក្នុងតំបន់ ជាគោលដៅទេសចរណ៍ដ៏សំខាន់ បន្ទាប់ពីតំបន់អង្គរ។

លោកបន្តថា ការរៀបចំផែនការមេនេះ គឺមានគោលបំណងអភិវឌ្ឍភ្នំគូលែន ឱ្យក្លាយជាគោលដៅទេសចរណ៍ ដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព រក្សាបាននូវតម្លៃធម្មជាតិ បេតិកភ​ណ្ឌវប្បធម៌ និងជំនឿ ព្រមទាំងបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាពេញមួយឆ្នាំ ជាពិសេសទាំងក្នុង High Season និងរដូវកាលបៃតង(Green Season) ស្របតាមទិសដៅអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល៕


ចែករំលែក