ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្ថាប័នSDF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗចំនួន ដើម្បីជម្រុញការអភិវឌ្ឍជំនាញ ឲ្យត្រូវនឹងសម្រូវការក្នុងវិស័យឧស្សាហកម្ម។
ស្ថាប័នទាំង៤នោះ រួមមាន សមាគមភស្តុភារកម្មកម្ពុជា (CLA) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) សមាគមស្វាយចន្ទីកម្ពុជា (CAG)និង សមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។
លោកគី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះ នឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន៖ ១) ការកំណត់តម្រូវការ៖ សិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតភាព។ ២) គំរូប្រតិបត្តិការSDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ ៣) ភាពជាដៃគូរដ្ឋ-ឯកជន (PPP)៖ ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ។

លោកសុខគីម បានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។
ថ្លែងនៅក្នុងពិធីនោះដែរ លោកបណ្ឌិតសភាចារ្យផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង សម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
គិតមកដល់បច្ចុប្បន្ននេះ SDFបានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម សរុបប្រមាណ៩៣,០០០ នាក់។ ជាលទ្ធផល អត្រាបញ្ចប់ការសិក្សាសម្រេចបាន៩៦% អត្រាមានការងារធ្វើ ៨៨% , ការពេញចិត្តពីនិយោជក៨៥% និង៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។
ភាពជាដៃគូថ្មីនេះ គឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង៕







