ឯកអគ្គរដ្ឋទូតជប៉ុន​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​លើក​លែង​ទិដ្ឋាការដល់​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោកបានទទួលបទពិសោធន៍ ដោយផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្ត ក្រុងនៃកម្ពុជា ដល់ប្រជាជនជប៉ុន និងបានលើកជាសំណើពិនិត្យលទ្ធភាព ផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់ អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោកឯកអគ្គរាជទូត ក៏បានលើកជាសំណើស្នើសុំពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការ ជូនដល់ភ្ញៀវទេសចរជប៉ុន ដែលអញ្ជើញមកទស្សនាកម្ពុជា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្ម របស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអា​ណត្តិបេសកកម្មទូតរបស់ឯកឧត្តមឯកអគ្គរាជទូត។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុន បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip)សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុន មកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជាដៃគូដ៏សំខាន់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈ ASEAN-Japan Centre (AJC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងទេសចរណ៍ប្រកបដោយនិរន្តរភាព៕


ចែករំលែក