អាកាសចរណ៍​ឡាវ​នឹង​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ចំនួន៣គោលដៅ​នៅ​ចុងឆ្នាំ​នេះ

0

ដោយ​ យុទ្ធ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែ​រឡាញ​ (Laos​ Airline​) របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ នឹង​បើក​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ឡើងវិញ​ នា​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រោយពី​ផ្អាក​ការហោះហើរ​អស់​មួយ​រយៈ​កន្លងមក​ ហើយ​គោលដៅ​សំខាន់​នៅ​ចំពោះ​សម្រាប់​ការហោះហើរ​នេះ​ រួមមាន​ រាជធានី​ភ្នំពេញ​ សៀមរាប​-អង្គរ​ ព្រះសីហនុ​ និង​ខេត្ត​ផ្សេងទៀត​នៅ​តំបន់ឆ្នេរ​។

ដំណឹង​ដ៏​ល្អ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នា​ឱកាស​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយ​ឯកអគ្គ​រដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ អាម​ផៃ​ គី​នដា​វង្ស​ (Amphay​ Kindavong​) នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នា​រសៀល​ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៩​។

ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ខាងលើ​ លោក​ តុប​ សុ​ភ័ក​ អនុរដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ បាន​ថ្លែង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ “ឯកឧត្តម​ អាម​ផៃ​ គី​នដា​វង្ស​ បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ថោង​ ខុន​ ឱ្យ​ដឹង​ថា​ នា​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែ​រឡាញ​ នឹង​ចាប់ផ្ដើម​បើក​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​​ឡើងវិញ​ ក្នុង​នោះ​ឡាវ​នឹង​បើក​ការហោះហើរ​ត្រង់​ដំបូង​ពីរ​ដ្ឋ​ធានី​វៀងចន្ទន៍​មករា​ជធានី​ភ្នំពេញ​ ហើយនឹង​បើក​ការ​ហោះហើរ​មកកាន់​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ ជាបន្តបន្ទាប់​ទៀត​”។

លោក​ អាម​ផៃ​ គី​នដា​វង្ស​ បាន​បង្ហើប​ថា​ “ពេល​ដែ​លព្រ​លាន​យន្តហោះ​នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ ខេត្ត​កោះកុង​ ត្រូវ​បាន​សាងសង់​រួចរាល់​នៅ​ក្រោយ​ឆ្នាំ២០២០​ ឡាវ​នឹង​បន្ត​បើក​ការហោះហើរ​ត្រង់​ទៅកាន់​កន្លែង​នេះ​បន្ថែម​ទៀត​ ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តារា​សាគរ​ និង​តំបន់​នានា​នៅ​ខេត្តកោះកុង​”។ ត្រង់​ចំណុច​នេះ​បង្ហាញថា​ ភ្ញៀវ​ទេសចរ​ឡាវ​ និង​ភ្ញៀវ​ទេសចរ​ប្រទេស​ទី៣​ (ប្រហែល​ភាគច្រើន​ភ្ញៀវ​ជនជាតិ​ចិន​) ហាក់ដូចជា​ចាប់អារម្មណ៍​ខ្លាំង​ ចំពោះ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ និង​តំបន់​ទេសចរណ៍​តាម​មាត់សមុទ្រ​របស់​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ឯកភាព​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ឡាវ​ថា​ តាមរយៈ​ការ​ភ្ជាប់​ជើងហោះហើរ​ឡើងវិញ​នេះ​ កម្ពុជា​-ឡាវ​ នឹង​ខិតខំ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ ជូន​ដល់​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​សម្បូរ​បែប​ថែមទៀត​ ពិសេស​គោលដៅ​ទេសចរណ៍​នៅ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា​។

មួយវិញទៀត​ កម្ពុជា​-ឡាវ​ ក៏​ចង់ឱ្យ​ខ្សែ​ទស្សនកិច្ច​ «គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​» កាន់តែ​ត្រូវ​បាន​ជំរុញ​ឱ្យ​មាន​សកម្មភាព​ច្រើនឡើង​ថែមទៀត​ ដោយ​ប្រទេស​ទាំងពីរ​ក៏​មាន​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​ «សៀមរាប​-អង្គរ​ តំបន់​ប្រាសាទសំបូរព្រៃគុក​ ប្រាសាទព្រះវិហារ​ និង​ប្រាសាទ​វត្ត​ភូ​របស់​ឡាវ​» ផង​ដែរ​ ដែល​តំបន់​ប្រាសាទ​​ទាំងនេះ​សុទ្ធតែ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ កាលពី​ឆ្នាំ២០១៨​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឡាវ​ប្រមាណ​ជាង​ ៤២ម៉ឺន​នាក់​។ ដោយឡែក​ ក្នុងរយៈពេល៤ខែ​ ឆ្នាំ២០១៩នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​ឡាវ​ប្រមាណ​ជាង​ ១២ម៉ឺន​នាក់​ ឈរ​លើ​ចំណាត់ថ្នាក់​លេខ៣​ ក្នុងចំណោម​ទេសចរ​អន្តរជាតិ​ ១០ប្រទេស​ ដែល​មក​ទស្សនា​កម្ពុជា​ (Top​ 10​)។

ប្រទេស​ឡាវ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សម្បូរទៅដោយ​តំបន់​អេកូ​ទេសចរណ៍​ និង​តំបន់​បេតិកភណ្ឌ​ ប៉ុន្តែ​ប្រទេស​ឡាវ​មិន​មាន​សមុទ្រ​នោះ​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here