ដោយៈ ចំណាន
ភ្នំពេញៈ ផ្អែកលើទិន្នន័យចំណោលប្រជាជនថ្មី ក្នុងសេណារីយ៉ូអត្រាលទ្ធភាព មានកូនថយចុះក្នុងល្បឿនមធ្យម ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល២៤ លាននាក់នៅឆ្នាំ២០៥០។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាសក្រសួងផែនការ បានរៀបចំពិធីអបអរសាទរ “ទិវាប្រជាជនពិភពលោកលើកទី៣៧ (១១ កក្កដា)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេស តាមដានការអនុវត្តកម្មវិធី សកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍។
នៅឆ្នាំ២០៥០ កម្ពុជានឹងមានរចនាសម្ព័ន្ធអាយុនឹងមានការផ្លាស់ប្តូរដូចខាងក្រោម៖ វ័យក្រោម១៥ឆ្នាំ នឹងថយចុះមកនៅ២១,៨%។ វ័យ១៥-៣៤ ឆ្នាំ នឹងថយចុះមកនៅ២៨,២%។ វ័យ ៣៥-៦៤ ឆ្នាំ នឹងកើនដល់ ៣៧,២%។ វ័យ ៦៥ ឆ្នាំឡើង នឹងកើនដល់ ១២,៧ភាគរយ។
ចំពោះនិន្នាការបម្រែបម្រួលប្រជាសាស្រ្តនេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាសញ្ញារំលឹកដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោយបុរេសកម្ម ដើម្បីចាប់យកកម្លាំងពលកម្មវ័យក្មេង នាពេលបច្ចុប្បន្ន ឱ្យក្លាយជាកម្លាំងផលិតភាពខ្ពស់ មានការងារសមរម្យ និងមានលទ្ធភាពកសាងសន្តិសុខហិរញ្ញវត្ថុគ្រួសារ។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទិវាប្រជាជនពិភពលោកឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ “ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិងអនាគត”។
ប្រធានបទនេះ គឺជាការឆ្លើយតបទៅនឹង ស្ថានភាពប្រជាសាស្ត្រជាក់ស្តែងក្នុងបរិបទកម្ពុជា ដូចមានក្នុងសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជានាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលភាគលាភ ប្រជាសាស្ត្រដ៏មានតម្លៃមួយ ដោយមានប្រជាជនវ័យក្មេង ក្នុងសមាមាត្រយ៉ាងច្រើនលើសលប់។
យោងតាមរបាយការណ៍អង្កេត ចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ប្រជាជនកម្ពុជាមានចំនួន១៧,៣លាននាក់ ដោយក្នុងនោះ វ័យក្រោម១៥ឆ្នាំ មាន២៦,៨ភាគរយ។ វ័យ១៥-៣៤ ឆ្នាំ មាន៣៤,៦%
វ័យ៣៥-៦៤ ឆ្នាំ មាន៣២,១% វ័យ ៦៥ ឆ្នាំឡើង មាន ៦,៥%។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទិន្នន័យនេះបង្ហាញពីកាលានុវត្តភាពដ៏ធំធេងនៃភាគលាភប្រជាសាស្ត្រ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះលឿនទៅមុខ ប្រសិនបើក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ពួកគាត់ ទទួលបានការគាំទ្រ និងការវិនិយោគចំទិសដៅ និងទាន់ពេលវេលា។
ការរៀបចំខ្លួនតាំងពីវ័យក្មេងនេះ មិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបំប្លែងការកើនឡើង នៃមនុស្សវ័យចាស់ទៅថ្ងៃមុខ ឱ្យក្លាយទៅជាភាគលាភប្រជាសាស្ត្រទីពីរ ដែលរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានសុខុមាលភាព។

លោករដ្ឋមន្ត្រីបានបន្តថា ឆ្លើយតបទៅនឹងបម្រែបម្រួលប្រជាសាស្ត្រនេះ ទាមទារឱ្យមានការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិប្រកបដោយភាពបត់បែន ទាន់ពេល និងផ្អែកលើភស្តុតាងស្ថិតិ ដើម្បីធានាបាននូវគុណភាពជីវិត ការគោរពសិទ្ធិ និងជម្រើសរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់។
ក្នុងនេះដែរ ក្រសួងផែនការ តែងតែដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចងក្រងទិន្នន័យ ស្រាវជ្រាវ និងតាក់តែង ឯកសារគោលនយោបាយនានា ដែលឆ្លើយតបទៅនឹងបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែង។
ជាមួយគ្នានេះ លោកប៊ិន ត្រឈៃបានបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនបន្ថែមថា ទិវាជាតិប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី១១ ខែកក្កដា រៀងរាល់ឆ្នាំ ជា “ទិវាជាតិប្រជាជន” តាមរយៈអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញការដោះស្រាយបញ្ហា បម្រែបម្រួលប្រជាសាស្ត្រ។
យុទ្ធសាស្ត្រអន្តរកាល៖ ក្នុងដំណើរការឆ្ពោះទៅរកការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅខែធ្នូ ឆ្នាំ២០២៩ ក្រសួងផែនការកំពុងរៀបចំ “យុទ្ធសាស្ត្រអន្តរកាលដោយរលូន” (Smooth Transition Strateg) ដើម្បីធានាបាននូវស្ថិរភាព មោទនភាព និងចីរភាព៕







