ក្រុមហ៊ុន​មួយ​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា​យានយន្ត​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុ​ញ្ញាតក្រុម​ការងារ CPG Overland ដឹក​នាំ​លោក ហួរ ច័ន្ទវឌ្ឍនៈ ដែល​ជា​ប្រធានក្រុមការងារ Caravan Trip និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនអំពីគម្រោងរៀបចំព្រឹត្តិការណ៍ Overland លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះគម្រោងរៀបចំព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា ជាសកម្មភាពដ៏មានសក្តានុពលក្នុងការជំរុញទេសចរណ៍កីឡាយានយន្ត និងទេសចរណ៍ផ្សងព្រេង ព្រមទាំងរួមចំណែកធ្វើពិពិធកម្មផលិតផល ទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែប និងទាក់ទាញ។

ព្រឹត្តិការណ៍នេះ នឹងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ តំបន់ធម្មជាតិ និងសហគមន៍ទេសចរណ៍ទៅកាន់សាធារណជនឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងបង្កើតចរន្តភ្ញៀវទេសចរក្នុងស្រុក ជំរុញការប្រើប្រាស់សេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មទេសចរណ៍ផ្សេងៗ ដែលនឹងជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្តោតសំខាន់លើការការពារបរិស្ថាន ការគោរពវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍មូលដ្ឋាន ព្រមទាំងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ មន្ទីរទេសចរណ៍ វិស័យឯកជន និងសហគមន៍ពាក់ព័ន្ធ។

ក្រុម CPG Overland (Car Club) ធ្លាប់បានរៀបចំព្រឹត្តិការណ៍ឦសាន Overland លើកទី១ និងលើកទី២ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ព្រមទាំងពិព័រណ៍រថយន្ត Off-Road Show 2026 កាលពីពេលថ្មីៗនេះ នៅខេត្តកណ្ដាល។

ព្រឹត្តិការណ៍ Overland លើកទី៣ ត្រូវបានរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយទៀតសម្រាប់យុវជន អ្នកស្រ​ឡាញ់ធម្មជាតិ និងអ្នកចូលចិត្តដំណើរផ្សងព្រេង ព្រមទាំងរួមចំណែកលើកកម្ពស់កិត្តិនាម និងបង្ហាញពីភាពសម្បូរបែប នៃសក្តានុពលទេសចរណ៍កម្ពុជា៕


ចែករំលែក