ដោយៈ ចំណាន
កណ្តាលៈ ជាធម្មតា តំបន់ជុំវិញព្រលានយន្តហោះ តែងតែទាក់ទាញអ្នកអភិវឌ្ឈន៍ ដើម្បីសាងសង់គម្រោងលំនៅដ្ឋាន ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឃ្លាំងស្តុកទំនិញជាដើម។
យោងតាមទិន្ន័យដែលបានកត់ត្រាបច្ចុប្បន្ន នៅតំបន់ជិំវិញព្រលានយន្តហោះអន្តរជាតិតេជោ មានបុរី (លំនៅដ្ឋានដែលមានរបងព័ទ្ធជុំវិញ) ដែលមានគម្រោងចន្លោះពី២៥ ទៅ៣៥។ គម្រោងខុនដូមានប្រមាណ៨គំរោង។ គម្រោងពាណិជ្ជកម្ម និងគម្រោងប្រើប្រាស់ចម្រុះ មានចន្លោះពី១០ ទៅ១៥គំរោង។ ឡូជីស្ទីក ឃ្លាំង និងសួនឧស្សាហកម្មមានចំនូនចន្លោះពី១៥ ទៅ២០គំរោង។ សរុបមកគំរោងដែលបាន និងកំពុងអភិវឌ្ឍន៍មានសរុបចន្លោះពី៥៥ ទៅ៧៥គម្រោង។
ការអភិវឌ្ឍមួយចំនួនដែលល្បីល្បាញជាងនេះ រួមមាន ទីក្រុង TIA City គម្រោងផ្ទះសម្រាប់អ្នកជីវភាពមធ្យម Worldbridge
* បុរីប្រណីត Hi-techជាដើម។
មូលហេតុដែលការអភិវឌ្ឍកំពុងកើនឡើងគឺថា អាកាសយានដ្ឋាននេះមានបំណងក្លាយជាចំណុចកណ្តាល នៃច្រករបៀងទីក្រុងធំជាង។
យោងតាមផែនការមេរបស់អាកាសយានដ្ឋាន ផ្ទៃដីប្រហែល៥០០០ហិកតា ជុំវិញអាកាសយានដ្ឋានត្រូវបានកំណត់ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ពាណិជ្ជកម្ម ភស្តុភារកម្ម ផលិតកម្ម និងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលបង្ហាញពីការធ្វើផែនការរយៈពេលវែងជាជាងគ្រាន់តែជាគម្រោងអាកាសយានដ្ឋាន។
ទស្សនវិស័យរបស់ខ្ញុំដល់ឆ្នាំ២០៣០ ប្រសិនបើសេដ្ឋកិច្ចកម្ពុជាកើនឡើងប្រហែលចន្លោះពី៥ ទៅ៦ភាគរយជារៀងរាល់ឆ្នាំ ហើយចរាចរណ៍អ្នកដំណើរអាកាសយានដ្ឋានបន្តកើនឡើង តំបន់នេះនឹងមានចំនួនបុរីកើនដល់ចន្លោះពី៤០ ទៅ៦០គំរោង។ គម្រោងខុនដូអាចកើនឡើងដល់១០ ទៅ២០គំរោង ទោះបីជាកំណើនទំនងជាបន្តិចម្តងៗក៏ដោយ ព្រោះតម្រូវការខុនដូ នៅតែខ្សោយជាងលំនៅដ្ឋានដែលមានដី។
ចំណែកការអភិវឌ្ឍ អគារពាណិជ្ជកម្ម សណ្ឋាគារ ការិយាល័យ លក់រាយ និងគម្រោងដឹកជញ្ជូន ទំនងជានឹងពង្រីកខ្លួនលឿនបំផុត ខណៈដែលអាជីវកម្មនានា កំពុងតាមដានសកម្មភាពអាកាសយានដ្ឋាន។
ច្រករបៀងអាកាសយានដ្ឋានតេជោ នឹងក្លាយជាច្រករបៀងកំណើនអចលនទ្រព្យដ៏រឹងមាំបំផុតមួយ របស់ប្រទេសកម្ពុជានៅឆ្នាំ ២០៣០ រួមជាមួយភាគខាងជើងនៃទីក្រុងភ្នំពេញ និងច្រករបៀងដឹកជញ្ជូនខាងលិច ដរាបណាហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅតែបន្តដូចការគ្រោងទុក៕







