អ្នកនិពន្ធ ​និង​ដឹកនាំ​រឿង​ដ៏​ល្បី​របស់​ចិន​មាន​គម្រោង​អភិវឌ្ឍ​មជ្ឍមណ្ឌល​វប្បធម៌​ និង​ទេសចរណ៍​កម្ពុជា-ចិន​នៅ​ខេត្តសៀមរាប​

ចែករំលែក

ដោយៈ ម៉ាណា

    ប្រទេសចិនៈ លោក Zhou Chaoyong អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងដ៏ល្បី (Chief Director) ប្រចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កោតសរសើរពីប្រវត្តិសាស្រ្តកម្ពុជា និងចូលរួមចងក្រង និងផ្សព្វផ្សាយឯកសារវប្បធម៌ និងទេសចរណ៍កម្ពុជាក្នុងសម័យទំនើបដល់ប្រជាជនចិន។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Zhou Chaoyong (ចូវ ឆាវយ៉ុង) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសារ របស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្អិតជាមួយក្រសួងទេស​ចរណ៍កម្ពុជា ក្នុងការផ្តល់ពត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ពិសេសគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការលើកលែងទិដ្ឋាការ សម្រាប់ប្រជាជនចិនជាដើម។

ជាការឆ្លើយតប លោក Zhou Chaoyong បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថាលោកសូមស្ងើចសរសើរអំពីវប្បធម៌ និងអរិយធម៌ដ៏ល្អវិសេសវិសាលរបស់កម្ពុជា ជាពិសេសតាមរយៈកំណត់ត្រារបស់ប្រវត្តិវិទូចិនដ៏ល្បីល្បាញ គឺលោក ជីវ តាខ្វាន់ ដោយសារលោកក៏មានស្រុកកំណើតដូចគ្នានឹងលោក ជីវ តាខ្វាន់ផងដែរ។

លោកក៏មានគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីអច្ឆរិយភាពនៃវប្បធម៌ និងទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ដោយប្រើប្រាស់បទពិសោធដែលធ្លាប់ឆ្លងកាត់ជាច្រើនឆ្នាំនៅប្រទេសចិន។

ទន្ទឹមនឹងនេះ លោក Zhou Chaoyong បានប្តេជ្ញានឹងប្រើប្រាស់ពេលវេលារបស់លោក ដើម្បីចងក្រងប្រវត្តិសាស្រ្តកម្ពុជា ក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ រួមជាមួយការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដោយដើរតាមលំនាំជាកវីនិពន្ទ ជីវ តាខ្វាន់ ជំនាន់ក្រោយ ដែលជាការរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងពត៌មានពាក់ព័ន្ធនឹងបញ្ហា Online Scam នៅកម្ពុជា តាមរយៈការបង្ហាញពីភាពវិសេសវិសាលនៃវប្បធម៌ និងទេសចរណ៍កម្ពុជា។

ស្តែងតាមរយៈការបេ្តជ្ញាចិត្តដ៏មោះមុតនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ កោតសរសើរ និងស្វាគមន៍ជាអនេកចំពោះគំនិតផ្តួចផ្តើម និងគម្រោងនានាខាងលើ ហើយក្រសួងទេសចរណ៍ ត្រៀមខ្លួនជាស្រេចក្នុងការសហការពេញលេញជាមួយលោក ក៏ដូចជាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)៕


ចែករំលែក