ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការចូលរួមចែករំលែកចំណេះដឹងពាក់ព័ន្ធទៅនឹងការវិនិយោគ និងការធ្វើជំនួញលើវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែមានភាពរលូនល្អប្រសើរ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ CEO Master Club Investment Plc.សហការជាមួយគណៈកម្មការមូលប័ត្រកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី «ការត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ ជប៉ុន-កម្ពុជា(CJCC)។
ស្ថាបនិកនិងជាអគ្គនាយកនៃ CEO Master Club Investment Plc. លោក អោម សេងបូរ៉ា បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា កម្មវិធីសិក្ខាសាលាដែលរៀបចំនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នឹងមានការចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពីសំណាក់បណ្តាវាគ្មិនសំខាន់ៗជាច្រើននាក់ ដែលមកពីបណ្តាក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋចំនួន៨រូប និងមានការចូលរួមពីសិក្ខាកាមសរុបប្រមាណជិត៥០០នាក់។
-->
លោកបន្តថា “គោលបណងសំខាន់ ដែលត្រូវលើកយកមកបញ្ចូលទៅក្នុងកម្មវិធីខាងលើនេះ គឺយើងចង់ចែករំលែកនូវបទពិសោធន៍ជោគជ័យ ក្នុងការរកស៊ីលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងតែមានសកម្មភាពពុះកញ្ច្រោលយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ”។
បន្ថែមពីនេះនៅមានគោលបំណងសំខាន់ៗចំនួន២ទៀត ដែលត្រូវចែករំលែក ដូចជា ចែករំលែកអំពីសារៈសំខាន់នៃគម្រោងវិនិយោគរួម និងការប្រមូលដើមទុនពីសាធារណៈស្របច្បាប់ តាមរយៈវិស័យវិនិយោគរួម ហើយគោលបំណងមួយទៀត គឺការបង្ហាញអំពីតួនាទីរបស់សាលាអចលនទ្រព្យកម្ពុជា ក្នុងកាជួយជ្រោមជ្រែងដល់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យឱ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័យ។
លោក អោម សេងបូរ៉ា បានបន្តថា កម្មវិធីដ៏មានសារសំខាន់មួយនេះគឺជាព្រឹត្តិការណ៍លើកទី២ហើយ ដែលរៀបចំឡើងដោយសាលាអចលនទ្រព្យកម្ពុជា ក្រោមកិច្ចសហការការគាំទ្រពីសំណាក់ CEO Master Club Investment Plc. ដែលជាក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណគ្រប់គ្រងមូលនិធិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការមូលប័ត្រកម្ពុជាផងដែរ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ ជប៉ុន-កម្ពុជា (CJCC) ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់។
នៅក្នុងវិធីនេះមានកាចូលរួមបកស្រាយ និងចែករំលែកបទពិសោធន៍ការងារពីសំណាក់វាគ្មិនសំខាន់ៗចំនួន៨រូប ដូចជាលោកអោម សេងបូរ៉ាស្ថាបនិកនិងជាអគ្គនាយក CEO Master Club, លោក ស៊ូ សុជាតិ អគ្គនាយកគណកម្មការមូលបត្រកម្ពុជា លោកសាស្រ្តាចារ្យ ទួស សាភឿន ភាគហ៊ុនិកនៃក្រុមហ៊ុនបុរីអង្គរលែនដ៏ម៉ាក ខេត្តសៀមរាបជាដើម។
សិក្ខាសាលានេះ នឹងជួយតម្រង់ទិស និងពង្រឹងសមត្ថភាពបន្ថែមដល់បណ្តាសិក្ខាកាមដែលកំពុងប្រឡូក នៅក្នុងទីផ្សារអចលនទ្រព្យមួយនេះ ដើម្បីអាចទទួលបានភាពជោគជ័យនៅក្នុងអាជីព និងមុខជំនួញ។
លោកបានបន្តទៀតថា អ្នកចូលរួមនៅក្នុងកម្មវិធីដ៏មានសារសំខាន់មួយ នឹងទទួលបានភាពជ្រួតជ្រាបពីកម្មវិធី ដូចជា យល់ច្បាស់ពីសារសំខាន់នៃវិស័យគម្រោងវិនិយោគរួម ការប្រមូលដើមទុន ពីសាធារណៈដោយស្របច្បាប់ តាមរយៈគម្រោងវិនិយោគរួម បានស្វែងយល់ពីតួនាទី និងមុខងាររបស់ CEO Master Club Investment Plc. បានស្វែងយល់ពីសារសំខាន់ នៃស្ថាបត្យកម្មក្នុងវិស័យអចលនទ្រព្យ ដឹងពីផែនការគម្រោងអភិវឌ្ឍតំបន់រោងចក្រ និងឧស្សាហកម្ម យល់ច្បាស់ពីសារសំខាន់នៃការវាយតម្លៃអចលនទ្រព្យ សារសំខាន់នៃប្រពន្ធបច្ចេកវិទ្យា Digital សម្រាប់វិស័យអចលនទ្រព្យ ជាពិសេស ដឹងពីវិធីសាស្ត្រក្លាយជាភ្នាក់ងារអចលនទ្រព្យឆ្នើម៕
