ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មអាហារកម្ពុជាឆ្នាំ២០២៦” ក្រោមយុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង”។
យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” ក្រោមការដឹកនាំរបស់លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ដែលព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពម្ហូបអាហារខ្មែរ ពង្រឹងគុណភាព និងស្តង់ដារផលិតផល ព្រមទាំងលើកស្ទួយសមត្ថភាព និងភាពប្រកួតប្រជែងរបស់សហគ្រិនខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍នេះជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ការតាំងបង្ហាញផលិតផលម្ហូបអាហារ ភេសជ្ជៈ កសិផលកែច្នៃ និងស្នាដៃច្នៃប្រឌិតរបស់សហគ្រិនខ្មែរ ព្រមទាំងផ្តល់ឱកាសដល់អ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និងដៃគូអាជីវកម្ម អាចជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការថ្មីៗ។

ពិព័រណ៍នេះក៏ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយកេរដំណែលម្ហូបអាហារខ្មែរ និងជំរុញទេសចរណ៍ម្ហូបអាហារ ដោយភ្ជាប់រសជាតិខ្មែរជាមួយវប្បធម៌ ប្រពៃណី អត្តសញ្ញាណមូលដ្ឋាន និងគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ៕








