ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក (Plastic-Free Tourism Zone) ក្នុងរាជធានីភ្នំពេញ”។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍, តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអង្គការ UNDP ប្រចាំកម្ពុជា, អាជ្ញាធរដែនដី (អភិបាលរងខណ្ឌ និងចៅសង្កាត់) ព្រមទាំងម្ចាស់អាជីវកម្មទេសចរណ៍យ៉ាងច្រើនកុះករ។
ចំណុចសំខាន់ៗនៃប្រសាសន៍បើកពិធីរបស់ លោកឈុន មករាផ្តោតលើកិច្ចសហការ និងការគាំទ្រ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការUNDPប្រចាំកម្ពុជា ដែលបានផ្តល់កិច្ចសហការ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការសម្របសម្រួលអញ្ជើញភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ចូលរួមក្នុងសិក្ខាសាលានេះ។

ទិសដៅយុទ្ធសាស្ត្រ៖ រៀបចំឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការរុញច្រានសេដ្ឋកិច្ចចក្រា (Circular Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រយុទ្ធនាការរដូវកាលបៃតង៖ ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់យុទ្ធនាការ “ទស្សនាកម្ពុជានារដូវកាលបៃតង (Visit Cambodia in Green Season) និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់គ្រប់គ្រងរមណីយដ្ឋាន និងអាជីវករទាំងអស់ រួមដៃគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមទីក្រុង និងតាមដងទន្លេ (មេគង្គ ទន្លេសាប និងទន្លេបាសាក់) ដើម្បីប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍បៃតង និងមានគុណភាពខ្ពស់៕







