រដ្ឋាភិបាល​បង្កើត​បណ្តាញ​ស្រាវជ្រាវ​កម្ពុជា​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​៣១

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោកវង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើត “បណ្តាញស្រាវជ្រាវកម្ពុជា”។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងអំពីស្ថានភាពប្រែប្រួលយ៉ាងគំហុក និងស្មុគស្មាញនៃនិន្នាការសកល (Megatrend)រួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) វិបត្តិបម្រែបម្រួលអាកាសធាតុ ហានិភ័យសន្តិសុខទម្រង់ថ្មីៗ​ ទាំងប្រពៃណីនិងមិនប្រពៃណី ដូចជាសន្តិសុខបច្ចេកវិទ្យា ជំងឺរាតត្បាត និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបរិការណ៍ព្រំដែនកម្ពុជា-ថៃ។

លោកបានគូសបញ្ជាក់អំពីតម្រូវការ កែលម្អវិធីសាស្ត្រនៃការដឹកនាំ និងការធ្វើគោលនយោបាយ បម្រើឱ្យការអភិវឌ្ឍរបស់ប្រទេសទៅមុខបានរឹងមាំ និងឱ្យបានវែងឆ្ងាយ។ ដូច្នេះ កម្ពុជាមានតម្រូវការទាំងសមត្ថភាពប្រមើលមើល សមត្ថភាពឆ្លើយតបសមត្ថភាពបត់បែន និងសមត្ថភាពនវានុវត្តន៍ខ្ពស់ ដើម្បីអាចឈរជើង អាចរស់រាន និងប្រកួតប្រជែងបាន។

ក្នុងន័យនេះ ដើម្បីធានាបាននូវ “ភាពធន់របស់ជាតិ (National Resilience)” កម្ពុជាចាំបាច់ត្រូវមានការផ្សារភ្ជាប់ការសិក្សា និងស្រាវជ្រាវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ (Evidence-based Research) ទៅនឹងការតាក់តែង ការតាមដាន និងការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឡើងនូវការដ្ឋានការងារគន្លឹះចំនួន៥ ការតម្រង់ទិសលើវិស័យអាទិភាពចំនួន៥ និងទិសដៅយុទ្ធសាស្រ្តចំនួន ៥ (៥+៥+៥) ដើម្បីឱ្យ “បណ្តាញស្រាវជ្រាវកម្ពុជា” ដំណើរការដោយមានប្រសិទ្ធភាព។

ក្នុងនោះ ការដ្ឋានការងារទាំង៥ រួមមាន៖ ១. ការបង្កើតបណ្តាញទំនាក់ទំនង តភ្ជាប់ស្ថាប័នរដ្ឋនិងគ្រឹះស្ថានស្រាវជ្រាវ ២. ការកសាងធនធានមនុស្សនិងការចែករំលែកចំណេះដឹង។៣.ការតភ្ជាប់ការ​សិក្សាស្រាវជ្រាវទៅនឹងការរៀបចំ និងការអនុវត្តគោលនយោបាយ។

៤. ការបង្កើតវេទិកាអនឡាញ ដើម្បីចែករំលែកព័ត៌មាន និងរបកគំហើញ និង ៥. ការបង្កើតប្រព័ន្ធទិន្នន័យរួម។ ការងារនេះផ្តោតទៅលើវិស័យអាទិភាពធំៗចំនួន៥ គឺ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្រ បច្ចេកវិទ្យា និងអភិបាលកិច្ច ដោយចាប់ផ្តើមពីគម្រោងតូចៗ តែសំខាន់ក្នុងដំណាក់កាលដំបូង។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំលើទិសដៅយុទ្ធសាស្ត្រចំនួន៥ចំណុចទៀត ដោយផ្តោតសំខាន់លើ ១. ការធានាឱ្យបានដាច់ខាតនូវគុណភាព សុចរិតភាព និងក្រមសីលធម៌នៃការស្រាវជ្រាវ (Quality and Rigor) ២. ការលុបបំបាត់  “វប្បធម៌ធ្វើការដាច់ដោយឡែកពីគ្នា (Breaking Silos)”។

៣. ការតម្រង់ទិសការស្រាវជ្រាវ តាមតម្រូវការជាក់ស្តែង ដោយត្រូវធានាថា ការស្រាវជ្រាវមានឯករាជ្យភាព និងសេរីភាព សំដៅបណ្តុះគំនិត និងធនធានបញ្ញារបស់សង្គម ក្នុងគោលដៅនិងគុណតម្លៃរួម ៤. ការពង្រឹងចីរភាពនិងនិរន្តរភាពស្ថាប័ន តាមរយៈការរៀបចំលក្ខន្តិកៈ កំណត់តួនាទីនិងភារកិច្ច នៃបណ្តាញស្រាវជ្រាវកម្ពុជា និង៥. ការលើកកម្ពស់ការស្រាវជ្រាវ និងកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវ។

បន្ថែមលើសពីនេះ លោកវង្សី វិស្សុត បានបញ្ជាក់ថា គំនិតនៃការបង្កើតបណ្តាញស្រាវជ្រាវនេះ ត្រូវបានគិតគូរឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាំងពីដើមអាណត្តិទី៧ អស់រយៈពេលជាង២ឆ្នាំមកហើយ ទើបទទួលបានផ្លែផ្កា និងសម្រេចបាននូវក្របខ័ណ្ឌទស្សនាទានរួម ព្រមទាំងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនាពេលនេះ។

លោកសង្កត់ធ្ងន់ថា ការបង្កើតCRN មិនមែនគ្រាន់តែជាពិធីចុះហត្ថលេខាលើក្រដាសនោះទេ ប៉ុន្តែជា “ការចាប់ផ្តើមនៃទំព័រថ្មីមួយ” នៃការប្រមូលផ្តុំកម្លាំងបញ្ញាញាណ ដោយបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកា និងធនធានជាតិឱ្យចំទិសដៅ និងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមធំៗរបស់ប្រទេសជាតិ”៕


ចែករំលែក