ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានពង្រីកការិយាល័យរបស់ខ្លួននៅទីក្រុង Miami ជាង៤ដងនៅឆ្នាំនេះ បន្ទាប់ពីសហស្ថាបនិកលោក Larry Page និងលោក Sergey Brin បានទិញផ្ទះនៅក្នុងតំបន់នោះ។
ក្រុមហ៊ុននេះបានជួលការិយាល័យបន្ថែមទំហំ ៤.១៨០ ម៉ែត្រការ៉េនៅវិថី 1450 Brickell Avenue ដោយពង្រីកពីការិយាល័យដែលមានស្រាប់ទំហំ ៩២៩ ម៉ែត្រការ៉េនៅក្នុងសង្កាត់ហិរញ្ញវត្ថុរបស់ទីក្រុង Miami។
លោក Page និងលោក Brin ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាលើសពី៥៧៣ពាន់លានដុល្លារអាមេរិក បានបង្កើនវត្តមាននៅតំបន់ភាគខាងត្បូងរដ្ឋ Florida ខណៈរដ្ឋកាលីហ្វ័រញ៉ាកំពុងពិចារណាលើការធ្វើប្រជាមតិមួយដើម្បីយកពន្ធលើទ្រព្យសម្បត្តិរបស់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

តំបន់ភាគខាងត្បូងរដ្ឋ Florida បានទាក់ទាញមហាសេដ្ឋីជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យមានសំណួរថា តើការមកដល់របស់ពួកគេនឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដែរឬទេ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោក Page បានទិញអចលនទ្រព្យនៅទីក្រុង Miami ដែលមានតម្លៃ ១៨៨ លានដុល្លារអាមេរិក រួមទាំងអចលនទ្រព្យដែលមានតម្លៃ ១០១,៥ លានដុល្លារអាមេរិកនៅតំបន់ Coconut Grove ខណៈលោក Brin បានទិញផ្ទះតម្លៃ ៥១ លានដុល្លារនៅតំបន់ Miami Beach៕







