ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណៈពេលទីផ្សារអចលនទ្រព្យកម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនច្បាស់លាស់ ការបំពាក់បំប៉ននូវចំណេះដឹង ទស្សនវិស័យ ព្រមទាំងយុទ្ធសាស្រ្តត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការរក្សាភាពប្រកួតប្រជែង ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងដើរទៅរកភាពជោគជ័យក្នុងអាជីព។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិសេសមួយ ក្រោមប្រធានបទ «យុទ្ធសាស្រ្តឆ្លាតវៃ សម្រាប់អ្នកជំនាញអចលនទ្រព្យ ក្នុងអំឡុងពេលទីផ្សារកំពុងប្រឈម» (Smart Strategies for Real Estate Professionals In a Challenging Market)។
កម្មវិធីសិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
កម្មវិធីនេះក៏មានការចូលរួមពីវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួលរួមមាន
១. លោកស្រី អាន សុធីដា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia។
២. លោកស្រី គឹម គិនកេសា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Advantage Property Services។
៣. លោក ងួន ឆាយលាង អគ្គនាយកនៃក្រុមហ៊ុន Pointer Property។
៤. លោក សេង សុភ័ក្រ អនុប្រធានសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន International Real Estate and Appraisal (IRA)។
៥. បណ្ឌិត ឆាក់ លឹមឈាង ប្រធានផ្នែកអចលនទ្រព្យ និងសំណង់ នៃមេធាវី សិទ្ធិស័ក្តិ (Sithisak Law Office) និង
៦. លោក ស៊ា ឆៃលីន អនុប្រធានសមាគម CVEA និងជាប្រធានក្រុមប្រឹក្សាភិបាល Chailin Sear Realty រួមនិងសិក្ខាកាមប្រមាណ៨០នាក់ផងដែរ។
លោកឧកញ៉ាសន សៀបបានមានប្រសាសន៍ថា “អតិថិជននាពេលបច្ចុប្បន្ន មិនមែនទាមទារតែការវិនិយោគ លឿនមុនគេនោះទេ ប៉ុន្តែពួកគាត់សម្លឹងមើលលើភាពជាក់លាក់ ពិតប្រាកដ និងកម្រិតនៃទំនុកចិត្ត ដើម្បីធានាថាការវិនិយោគនោះ មិនមានហានិភ័យទៅថ្ងៃអនាគត”។ លោកបន្ថែមថា “ដូច្នេះអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យទាំងអស់ ត្រូវតែផ្តល់សេវាកម្មប្រកបដោយសុចរិតភាព គ្មានការលំអៀង មានសមត្ថភាពខ្ពស់ និងរក្សាការសម្ងាត់ជូនអតិថិជនឱ្យបានល្អប្រសើរបំផុត”។
ប្រធានសមាគមរូបនេះ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យនាំយកនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ ទៅច្នៃប្រឌិត និងអនុវត្តជាក់ស្តែងក្នុងអាជីវកម្មរបស់ខ្លួន ដើម្បទទួលបានលទ្ធផលកាន់តែត្រចះត្រចង់។
តាមរយៈសិក្ខាសាលាខាងលើ សិក្ខាកាមដែលបានចូលរួមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍សំខាន់ៗជាច្រើន រួមមាន យុទ្ធសាស្រ្តលក់ និងទីផ្សារ៖ គន្លឹះបង្កើនការលក់ក្នុងទីផ្សារប្រែប្រួល វិធីសាស្ត្រស្វែងរកអតិថិជន និងបិទការលក់ប្រកបដោយប្រសិទ្ធភាព។

ការវិភាគទីផ្សារ៖ ការយល់ដឹងអំពីនិន្នាការ ទិសដៅទីផ្សារបច្ចុប្បន្ន និងអនាគត ព្រមទាំងការចាប់យកឱកាសវិនិយោគ។
ការកសាងទំនាក់ទំនង៖ វិធីសាស្រ្តកសាង និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនឱ្យបានយូរអង្វែង។
បណ្តាញទំនាក់ទំនង (Networking)៖ ឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ ភ្នាក់ងារ អ្នកវាយតម្លៃ អ្នកអភិវឌ្ឍន៍គម្រោង និងអ្នកវិនិយោគជានាំមុខជាច្រើនរូប។
នៅក្នុងឱកាសនោះផងដែរ លោកឧកញ៉ា សន សៀប បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសិក្ខាសាលានេះ។ ដោយលោកបានគូសបញ្ជាក់ថា “កម្មវិធីនេះ ធាតុពិតទៅយើងចង់បង្កើតទំនុកចិត្ត ទៅដល់ទីផ្សារ។ ដើម្បីបង្កើតទំនុកចិត្តដល់ទីផ្សារបាន លុះត្រាតែអ្នកជំនាញវិជ្ជាជីវៈរបស់យើង អាចផ្តល់ទំនុកចិត្តដល់អតិថិជនបាន”។
ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវផ្ដោតលើកត្តាសំខាន់ៗចំនួន៣ រួមមាន
១. កត្តាមនុស្ស៖ ចូលរួមអភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួនឯងជាប្រចាំ។
២. បច្ចេកវិទ្យា៖ ប្រើប្រាស់បច្ចេកវិទ្យាឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
៣. ក្រមសីលធម៌វិជ្ជាជីវៈ៖ គោរពប្រតិបត្តិក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យអតិថិជនជឿទុកចិត្តលើសេវាកម្មរបស់យើង៕







