សង្គ្រាម​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​ជំរុញ​ឱ្យ​តម្រូវ​ការ​លំនៅឋាននៅ​ទីក្រុងឌូបៃ​ដាំ​ក្បាល​ចុះ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគអះអាងថា សង្គ្រាមសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់បានធ្វើឱ្យតម្រូវការផ្ទះនៅទីក្រុងឌូបៃធ្លាក់ចុះ ដោយសារអ្នកទិញពន្យារពេលការទិញ ហើយក្រុមហ៊ុននានាពន្យារពេលការផ្លាស់ប្តូរទីតាំង និងបុគ្គលិកទៅកាន់មជ្ឈិមបូព៌ា។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ ​​Knight Frank បានឱ្យដឹងថា ការលក់ផ្ទះនៅទីក្រុងឌូបៃបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែឧសភា និងខែមិថុនា ដោយប្រតិបត្តិការបានដាំក្បាលចុះ៤៥ភាគរយ និង១៦,៤ភាគរយរៀងៗគ្នា បើប្រៀបធៀបទៅនឹងខែដូចគ្នាក្នុងឆ្នាំ ២០២៥។

ការលក់លំនៅឋានសរុបនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ បានដាំក្បាលចុះ១៣,៦ភាគរយធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank រំពឹងថា ប្រតិបត្តិការនឹងថយចុះបន្ថែមទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Juwai IQI បានលើកឡើងថា ជម្លោះនេះក៏បានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកទិញមួយចំនួន ដែលបណ្តាលឱ្យពួកគេពិចារណាឡើងវិញអំពីការទិញ។

ទោះបីជាមានការធ្លាក់ចុះយ៉ាងណាក្តី ទីក្រុងឌូបៃនៅតែជាទីផ្សារលំនៅឋានប្រណីតឈានមុខគេរបស់ពិភពលោក។ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ទីក្រុងមួយនេះបានកត់ត្រាការលក់ផ្ទះប្រចាំឆ្នាំចំនួន៤២៦ទៅ៤៩៩ខ្នងដែលមានតម្លៃយ៉ាងហោចណាស់ ១០ លានដុល្លារអាមេរិក។

ជម្លោះនេះក៏បានបង្កើនការចំណាយសម្រាប់អ្នកអភិវឌ្ឍន៍ផងដែរ។ តម្លៃសម្ភារៈសំណង់នៅទូទាំងប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានកើនឡើងជាង២០ភាគរយ ចាប់តាំងពីខែមករា ដែលបង្កការពិបាកក្នុងការបញ្ចប់គម្រោងទាន់ពេលវេលា។

ក្រុមហ៊ុន Knight Frank ក៏បានព្រមានផងដែរថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចំណាយលើការដឹកជញ្ជូន និងធានារ៉ាប់រងកាន់តែខ្ពស់ ដោយសារកំពង់ផែក្នុងតំបន់ផ្តល់អាទិភាពដល់ទំនិញសំខាន់ៗដូចជា ម្ហូបអាហារ និងថ្នាំពេទ្យ អាចធ្វើឱ្យការនាំចូលសម្ភារៈសំណង់កាន់តែពិបាក និងមានតម្លៃថ្លៃ៕


ចែករំលែក