អ្នក​ផលិត​មាតិកា​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​ចាត់​ទុក​កម្ពុជា​ គឺ​ជា​តារា​ដែល​កំពុង​រះ​យ៉ាង​ភ្លឺ​ចិញ្ចោច​នៅ​អាស៊ាន​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមអ្នកផលិតមាតិកាអន្តរជាតិ មានអ្នកតាមដានរាប់លាននាក់ ដឹកនាំដោយCyberlocos បានលើកឡើងថា ប្រទេសកម្ពុជា គឺជាតារាដែលកំពុងរះយ៉ាងភ្លឺចិញ្ចោច ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Alan Wurman Rodrich អ្នកបង្កើតមាតិកាមកពីប្រទេសឈីលី និងជាស្ថាបនិកAlan’s Theory លោក Lars Aage Haaland Christiansen អ្នកជំនួញន័រវេស ម្ចាស់រថយន្ត និងជាសហស្ថាបនិក Cyberlocos លោក Arisa Nelson Saisi អ្នកផលិតមាតិកាកេនយ៉ា (Influencer)លោក Joachim Cerin Bekkevold អាជីវករន័រវេស និងជាអ្នកបង្កើតកម្មវិធី Podcast ស្តីពីវប្បធម៌ និងឱកាសវិនិយោគគោលដៅកម្ពុជា និងលោកIlia Berezin អ្នកបង្កើតមាតិកា និងអ្នកបង្ហាញម៉ូតរុស្ស៊ី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការផលិតមាតិកាឌីជីថល ដើម្បីបង្ហាញពីសភាពការណ៍ពិតរបស់កម្ពុជាទៅកាន់ទស្សនិកជនជុំវិញពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ លោក Alan Wurman Rodrich និងលោក Lars Aage Haaland Christiansen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនក្រុមការងារចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីបេសកកម្ម និងសកម្មភាពរបស់ Alan’s Theory និង Cyberlocos ដែលជាវេទិកាផលិតមាតិកា និងគម្រោងធ្វើដំណើរអន្តរជាតិដ៏មានឥទ្ធិពល ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការផលិតវីដេអូ និងមាតិកាឌីជីថល ការចែករំលែកបទពិសោធន៍ធ្វើដំណើរពិតប្រាកដ ការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ជីវ​ភាពរស់នៅសហគមន៍មូលដ្ឋាន និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភពលោក ព្រមទាំងការលើកកម្ពស់ការយល់ដឹង អំពីទេសចរណ៍ប្រកបដោយចីរភាព និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ​ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្កើត និងផ្សព្វផ្សាយមាតិកាឌីជីថល ដែលបង្ហាញពីសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ និងរូបភាពពិតរបស់កម្ពុជា ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជា នារដូវបៃតង” និងទិសស្លោក “ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុម Cyberlocos និង Alan’s Theory ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីភ្ជាប់ការយល់ដឹងរវាងប្រជាជន និងលើកកម្ពស់ទេសចរណ៍ ប្រកបដោយចីរភាព ព្រមទាំងបានស្នើក្រុមអ្នកផលិតមាតិកាបន្ត ជួយផ្សព្វផ្សាយស្ថានភាពពិតរបស់កម្ពុជា ជាពិសេសសន្តិសុខ សុវត្ថិភាព និងបរិយាកាសប្រកបដោយភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងបង្កើតវីដេអូ និងមាតិកាខ្លីៗ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ គោលដៅទេស​ចរណ៍ល្បីៗ និងបទពិសោធន៍ទេសចរណ៍ពិតប្រាកដ ដើម្បីជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន។

Cyberlocos គឺជាគម្រោងធ្វើដំណើរជុំវិញពិភពលោក ដោយរថយន្តអគ្គិសនី ដែលរហូតមកដល់ពេលនេះ បានធ្វើដំណើរជាង ១០០,០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង៨០ប្រទេស និងកំពុងបន្តបេសកកម្មបំបែកកំណត់ត្រាពិភពលោក Guinness World Records។

ចំណែក Alan’s Theory គឺជាវេទិកាផលិតមាតិកាធ្វើដំណើរអន្តរជាតិ ដែលលោកAlan បានធ្វើដំណើរទៅកាន់ប្រទេសជាង១១៥ ប្រទេស និងមានអ្នកតាមដានលើបណ្តាញសង្គមជាង ១,៨ លាននាក់ ដោយខ្លឹមសាររបស់លោក បានទៅដល់ទស្សនិកជនរាប់រយលាននាក់នៅទូទាំងពិភពលោក៕


ចែករំលែក