រដ្ឋមន្រ្តី​ក្រសួង​ចំនួន​បី​រៀបចំផែនការ​លើ​វត្ថុអនុស្សាវរីយ៍ខ្មែរ ​ជាស្នាដៃ​សិប្បកម្ម​មូលដ្ឋាន ​ឆ្ពោះ​ទៅ​កាន់ “ការទូតទេសចរណ៍”

ចែករំលែក

ដោយៈ ចំណាន

សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា វត្ថុអនុស្សាវរីយ៍ មិនមែនគ្រាន់តែជាទំនិញ សម្រាប់លក់ដូរប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្នែកមួយដ៏សំខាន់នៃ “ការទូតទេសចរណ៍”។

លោកបានចាត់ទុកវាជា ឧបករណ៍ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពអំពីវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងទេពកោសល្យច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក”។

ព័ត៌មាននេះត្រូវបានលើកឡើងដោយលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរួមគ្នាអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ”។

វាជាវេទិកាជំនួបផ្គូផ្គងធុរកិច្ច (Business Matching) ដោយផ្ទាល់រវាង “អ្នកផលិត” (សិប្បករ និងសហគមន៍) និង “អ្នកចែកចាយ” សណ្ឋាគារលំដាប់ខ្ពស់ ប្រតិបត្តិករទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍) ក្នុងគោលបំណងបង្កើតគំរូថ្មី ក្នុងការភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបង្កើតតម្លៃសេដ្ឋកិច្ច ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជំរុញការប្រែក្លាយវត្ថុអនុស្សាវរីយ៍ខ្មែរ ឱ្យទៅជា  “ការទូតទេសចរណ៍” ប្រកបដោយប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ។

វេទិកាជាតិជាប្រវត្តិសាស្ត្រលើកទី១នេះ គឺជារបត់មួយដ៏មានសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដែលផលិតដោយស្នាដៃកូនខ្មែរពិតប្រាកដ ក្រោមស្លាកសញ្ញា ម៉ាកសញ្ញាខ្មែរ “Made in Cambodia”។

វេទិកាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោកខឹម ចន្ថា រដ្ឋលេខាធិការ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ។

ថ្លែងក្នុងវេទិកានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងារបច្ចេកទេស នៃក្រសួងទេសច​រណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ រដ្ឋបាលខេត្តសៀមរាប សមាគមទាំងអស់នៅក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន ដែលបានសហការរៀបចំវេទិកាជាតិ ជាពិសេសព្រឹត្តិការណ៍កម្មវិធីជំនួបផ្គូផ្គងធុរកិច្ច (Business Matching) ដែលជាយន្តការដ៏មានសារៈសំខាន់បំផុត ក្នុងការបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ និងនាំយកផលិតផលស្នាដៃសហគមន៍ ទៅដល់ដៃអ្នកប្រើប្រាស់ពិតប្រាកដ តាមរយៈការជួបជុំដោយផ្ទាល់រវាង “អ្នកផលិត” និង “អ្នកចែកចាយ”។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី សម្ដែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់បងប្អូនសិប្បករ ដែលជាអ្នកឈរនៅជួរមុខក្នុងការបន្តវេនពីបុព្វបុរស តាមរយៈការបង្កើតនូវផលិតផលសិប្បកម្ម ដ៏សម្បូរបែប ទាំងចម្លាក់ថ្ម ឈើ ស្បែក ការត្បាញសូត្រ និងផលិតផលកែច្នៃថ្មីៗ ដោយរំលេចនូវស្លាកសញ្ញា “Made in Cambodia”។

ទន្ទឹមនេះ លោកហួត ហាក់បានបញ្ជាក់ថា “នៅក្នុងយុគសម័យទីផ្សារប្រកួតប្រជែង យើងមិនអាចលក់ត្រឹមតែផលិតផលនោះទេ ប៉ុន្តែយើងត្រូវលក់ដោយផ្សារភ្ជាប់នូវ “និទានកថា” នៃផលិតផលទាំងនោះ”។

លោកបន្តថា ហេតុនេះ ការបណ្តុះបណ្តាលអំពីសិល្បៈ នៃការបង្កើតនិទានកថាផលិតផល (Product Storytelling)គឺជាកត្តាស្នូលមួយ ដើម្បីបង្កើនតម្លៃបន្ថែម (Value-added) លើស្នាដៃសិប្បកម្មរបស់យើង ដែលជាយុទ្ធសាស្ត្រ ក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់ទិញ ព្រមទាំងចង់ស្វែងយល់ស៊ីជម្រៅពីប្រភពដើម និងអត្ថន័យនៃផលិតផលរបស់យើង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់អំពីការរក្សាអត្តសញ្ញាណខ្មែរ, ការផ្តោតលើគុណភាព ស្តង់ដា និង តម្លៃសមរម្យ ព្រមទាំងភាពចាំបាច់មិនអាចខ្វះបាន ក្នុងការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ជីម៉ាក ឬសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលយន្តការនេះ គឺជាខែលការពារដ៏រឹងមាំ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ និងធានាបាននូវការប្រកួតប្រជែង ដោយស្មោះត្រង់ សម្រាប់សិប្បករខ្មែរយើងនៅលើទីផ្សារ និងទប់ស្កាត់ផលិតផលក្លែងក្លាយ៕


ចែករំលែក