ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងទីក្រុងសិង្ហបុរី សេអ៊ូល និងស៊ីដនី កំពុងផ្តល់ឱកាសវិនិយោគដ៏ទាក់ទាញ ខណៈការផ្គត់ផ្គង់ថ្មីមានកំណត់នៅតែបន្តគាំទ្រដល់តម្លៃអចលនទ្រព្យ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Hines បានឱ្យដឹងថា តម្រូវការដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យកំពុងត្រូវបានជំរុញដោយបញ្ញាសិប្បនិម្មិត (AI) តម្រូវការថាមពល ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរប្រជាសាស្ត្រ។
ស្របពេលជាមួយគ្នានេះ កង្វះខាតកម្លាំងពលកម្ម ការកើនឡើងនៃថ្លៃដើមសំណង់ និងបញ្ហាប្រឈមផ្សេងៗទៀត បានបង្កការពិបាកក្នុងការសាងសង់គម្រោងអចលនទ្រព្យថ្មីៗ។ ការណ៍នេះបានជំរុញកំណើននៃតម្លៃជួល និងការកំណត់តម្លៃកាន់តែរឹងមាំ។
ក្រុមហ៊ុន Hines បានលើកឡើងថា បណ្តាវិនិយោគិនគួរតែផ្តោតលើទីផ្សារអចលនទ្រព្យដែលមានតម្រូវការរឹងមាំ ប៉ុន្តែការផ្គត់ផ្គង់ថ្មីនៅមានកម្រិត។
ជំនួសឱ្យការវិនិយោគដោយប្រថុយប្រថាន ក្រុមហ៊ុនបានណែនាំឱ្យអ្នកវិនិយោគកំណត់គោលដៅលើទ្រព្យសកម្មដែលមានការផ្គត់ផ្គង់មានកំណត់ ចំណូលពីការជួលមានស្ថិរភាព និងតម្រូវការរយៈពេលវែង ដើម្បីសម្រេចបានផលចំណេញយូរអង្វែង៕







